បាល់ទាត់អន្តរជាតិ
Martin Odegaard ត្រូវបានគេហៅថា “Messi ន័រវេស” នៅក្នុងប្រទេសរបស់គាត់
មានកីឡាករឆ្នើមៗជាច្រើន ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា “Messi” នៅក្នុងប្រទេសរបស់ខ្លួន ដែលការហៅនេះភាគច្រើនទៅលើកីឡាករណាម្នាក់ដែលមានទម្រង់លេងលេចធ្លោរខ្លាំង ជាពិសេសមានគុណភាពនៃការលេងស្រដៀងនឹងតារាឆ្នើម Lionel Messi។

ដូចគ្នានេះដែរ ខ្សែបម្រើវ័យ 23 ឆ្នាំ Martin Odegaard ដែលជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal និងជាកីឡាកររបស់ក្រុមជម្រើសជាតិន័រវេស ក៏ត្រូវបានគេហៅគាត់ថាជា “Messi របស់ន័រវេស” នៅក្នុងប្រទេសរបស់គាត់ផងដែរ។ Odegaard មានទម្រង់លេងដ៏ល្អសម្រាប់ក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួន ហើយអ្វីដែលកាន់តែពិសេសនោះ គឺគាត់ពាក់អាវលេខ 10 ពេលលេងឲ្យក្រុមជម្រើសជាតិន័រវេស ដូចនឹង Lionel Messi ប្រើប្រាស់លេខនេះ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដែរ។

Martin Odegaard ធ្លាប់មានប្រវត្តិដ៏គួរឲ្យកោតសរសើរបំផុត។ ខ្សែបម្រើរូបនេះ ត្រូវបានក្លឹប Stromsgodset ប្រូម៉ូតឲ្យឡើងមកលេងជាមួយក្រុមឈុតធំរបស់ក្លឹប ពេលដែលមានអាយុទើបតែ 13 ឆ្នាំប៉ុណ្ណោះ ហើយបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសន័រវេសនៅពេលមានអាយុ 15 ឆ្នាំ។

ប្រភព: Thesun
