បាល់ទាត់អន្តរជាតិ
អស់ការសង្ស័យ!!! ពេលនេះក្លឹបតោខៀវ Chelsea ប្រកាសពីការចុះហត្ថលេខាលើ Raheem Sterling ហើយ

កាលពីម្សិលមិញនេះ ក្លឹប Manchester City បានប្រកាសពីការចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធស្លាប Raheem Sterling។ ខណៈពេលនោះដែរ ក្លឹបតោខៀវ Chelsea ក៏បានចេញសេចក្ដីប្រកាសជាផ្លូវការណ៍លើការនាំយកកីឡាករចំណូលថ្មីសញ្ជាតិអង់គ្លេស Raheem Sterling មកចូលរួមជាមួយពួកគេនៅរដូវក្ដៅនេះ។
Raheem Sterling ផ្ទេរពី Manchester City ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ ដែលមានតម្លៃខ្លួនប្រហែល 50 លានផោន។ Raheem Sterling ធ្លាប់បានឈ្នះពានរង្វាន់សរុបចំនួន 7 ជាមួយក្លឹប Manchester City បន្ទាប់ពីចូលរួមជាមួយក្លឹបអ្នកមានមួយនេះតាំងពីឆ្នាំ 2015។
ខ្សែប្រយុទ្ធស្លាបរូបនេះ គឺជាកីឡាករម្នាក់ដែលមានសំណាងបំផុត ដោយគាត់ធ្លាប់លេងឲ្យក្លឹបធំៗទាំងបីនៅអង់គ្លេសដូចជា Liverpool, Manchester City និង Chelsea។
យ៉ាងណាមិញ Chelsea កំពុងព្យាយាមពង្រឹងនៅតំបន់ប្រយុទ្ធរបស់ពួកគេ ដោយកាលពីពេលថ្មីៗនេះ Romelu Lukaku បានត្រឡប់ទៅ Inter Milan វិញក្នុងលក្ខខណ្ឌខ្ចីជើង ហើយខ្សែប្រយុទ្ធរបស់ Leeds គឺកីឡាករ Raphinha ដែលពួកគេបានចាប់អារម្មណ៍ចង់បានដែរនោះ បានផ្ទេរទៅ Barcelona ទៅហើយ។ ដូច្នេះការផ្ទេរ Sterling គឺជាជម្រើសដ៏ល្អបំផុត។
ប្រភព: 90 Min