បាល់ទាត់អន្តរជាតិ
Oliver Kahn បង្ហើបថា Matthijs de Ligt ចង់ចូលរួមជាមួយ Bayern Munich

នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Oliver Kahn បានបង្ហើបថា ក្លឹបរបស់លោកបានពិភាក្សាជាមួយ Matthijs de Ligt ហើយអះអាងថាខ្សែការពាររបស់ Juventus រូបនេះ ចង់ចូលរួមជាមួយពួកគេ។
ដោយឡែក Matthijs de Ligt ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការផ្ទេរទៅកាន់ទឹកដីអាឡឺម៉ង់នៅរដូវក្តៅនេះ ហើយថ្មីៗនេះគេហទំព័រ 90min.com បានរាយការណ៍ថា Bayern Munich កាន់តែមានទំនុកចិត្តខ្លាំងឡើង ក្នុងការនាំយកខ្សែការពារឆ្នើមរូបនេះ ខណៈក្លឹបតោខៀវ Chelsea ដែលធ្លាប់ចាប់អារម្មណ៍លើ Matthijs de Ligt កាន់តែអស់ឱកាស។
ទោះបីជាលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នាជាមួយ Matthijs de Ligt រួចរាល់អស់ហើយក៏ដោយ ការចរចាតម្លៃផ្ទេរជាមួយ Juventus កំពុងតែស្ថិតក្នុងស្ថានភាពក្ដៅគគុក។ របាយការណ៍ច្បាស់ការណ៍មួយលើកឡើងថា ក្លឹបសេះបង្កង់ Juventus ចង់បានតម្លៃផ្ទេរ 100 លានអឺរ៉ូសម្រាប់ De Ligt ដែលនេះជាតម្លៃផ្ទេរខ្សែការពារថ្លៃបំផុតមិនធ្លាប់មានក្នុងពិភពបាល់ទាត់។
និយាយអំពីការផ្ទេរកាលពីថ្ងៃសៅរ៍ លោក Oliver Kahn បានបញ្ជាក់ថា៖ “ការពិភាក្សាកំពុងដំណើរការ។ កីឡាករផ្ទាល់ ពិតជាចង់មក Bayern Munich។ យើងនឹងមានការពិភាក្សាបន្ថែមទៀត ហើយបន្ទាប់មកយើងនឹងស្វែងរកឃើញពីរបៀបដែលអ្វីៗអាចដំណើរការទៅបាន។ ខ្ញុំមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប៉ាន់ស្មានស្ថានភាពណាមួយជាមុន”។
ប្រភព: 90 Min