បាល់ទាត់អន្តរជាតិ
គ្រូ Bayern Munich លើកឡើងថា Barcelona ជាក្លឹបតែមួយគត់ ដែលគ្មានលុយតែអាចទិញកីឡាករដែលពួកគេចង់បាន
កាលពីពេលថ្មីៗនេះ គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Nagelsmann បាននិយាយថា Barcelona គឺជាក្លឹបតែមួយគត់ ដែលមិនមានលុយ ប៉ុន្តែអាចទិញកីឡាករទាំងអស់ដែលពួកគេចង់បាន។ គ្រូបង្វឹករូបនេះ បាននិយាយបន្ទាប់ពីក្លឹប Barcelona ចុះហត្ថលេខាលើ Lewandowski ដែលជាកូនក្រុមរបស់គាត់។
តាមពិតទៅការលើកឡើងរបស់លោក Nagelsmann ពិតជាមិនខុសទេ ព្រោះពេលនេះ Barcelona កំពុងជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងជំពាក់ប្រាក់ក្លឹបផ្សេងៗទៀតផង ប៉ុន្តែនៅរដូវក្ដៅនេះពួកគេបាននាំយកកីឡាករចំណូលថ្មីដែលសុទ្ធតែមានសមត្ថភាពខ្ពស់ដូចជា Andreas Christensen និង Franck Kessie ហើយថ្មីៗនេះទើបតែចុះហត្ថលេខាផ្ទេរលើម៉ាស៊ីនរកគ្រាប់បាល់ Robert Lewandowski របស់ Bayern Munich ទៀតផង។
លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះពួកគេបានបញ្ចុះបញ្ចូលឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំង Ousmane Dembele បន្តកុងត្រាជាមួយក្លឹបផងដែរ។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ច្បាស់ការណ៍ជាច្រើន បានលើកឡើងថា ក្លឹប Barcelona ក៏កំពុងត្រៀមនាំយកខ្សែការពារឆ្នើម Jules Kounde របស់ក្លឹប Sevilla នៅពេលឆាប់ៗនេះ។
យោងតាមការសង្កេតមើលកន្លងមក កីឡាករបាល់ទាត់ភាគច្រើនតែងតែចង់មកលេងឲ្យក្លឹប Barcelona ហើយបើសិនជាក្លឹបបើកភ្លើងខៀវ នោះពួកគេនឹងសម្រេចចិត្តមកភ្លាម រហូតដល់កីឡាករខ្លះ សុខចិត្តកាត់បន្ថយប្រាក់ខែរបស់ខ្លួនទៀតផង។
ប្រភព: Fabrizio Romano