បាល់ទាត់អន្តរជាតិ
អុញនោះ!!! លេងមិនទាន់បានប៉ុន្មានផង Paul Pogba របួសបាត់

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Juventus បានឲ្យដឹងថា ពេលនេះខ្សែបម្រើ Paul Pogba បានរងរបួសឆ្អឹងជង្គង់ខាងក្រោយ ដែលវាជារបួសរាំរ៉ៃរបស់គាត់ ហើយត្រូវបានរកឃើញម្ដងទៀត បន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្រ្តកាលពីពេលថ្មីៗនេះ។
របួសនេះដែរ នឹងធ្វើឲ្យ Pogba ខកខាន មិនអាចធ្វើដំណើរជាមួយក្រុមទៅទីក្រុង Dallas រដ្ឋតិចសាស់ ដើម្បីធ្វើការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយក្រុមបានទេ។
ដោយឡែកក្លឹបសេះបង្កង់ Juventus នឹងធ្វើការប្រកួតមិត្តភាពមួយជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៅព្រឹកម៉ោង 7:30 ថ្ងៃស្អែកនេះ (ម៉ោងនៅកម្ពុជា) ដែលធ្វើឡើងនៅកីឡដ្ឋាន The Cotton Bowl សហរដ្ឋអាមេរិច។
យ៉ាងណាមិញ Paul Pogba គឺជាកីឡាករចំណូលថ្មីដែលត្រូវបានក្លឹបសេះបង្កង់ Juventus ចុះហត្ថលេខាដោយគ្មានតម្លៃខ្លួនបន្ទាប់ពីគាត់បានផុតកុងត្រាជាមួយក្លឹបបិសាចក្រហម Manchester United។
ជាមួយនឹងរបួសរបស់ Paul Pogba ដែលអាចនឹងអូសបន្លាយពេលវែងឆ្ងាយនោះ ពេលនេះក្លឹប Juventus កំពុងព្យាយាមស្វែងរកខ្សែបម្រើថ្មីម្នាក់ទៀត ហើយបើតាមសេចក្ដីរាយការណ៍របស់លោក Fabrizio Romano បានឲ្យដឹងថា ក្លឹបសេះបង្កង់ Juventus កំពុងចង់ដាក់សំណើរទៅកាន់ក្លឹបយក្សបារាំង PSG ដោយផ្ដល់ជូន Arthur Melo និង Ramsey ដើម្បីប្ដូរយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Leandro Paredes។
ប្រភព: Fabrizio Romano