បាល់ទាត់អន្តរជាតិ
Andy Goldstein លើកឡើងថា គាត់មិនចូលចិត្តកីឡាករណា ដែលចាត់ទុកខ្លួនឯងធំជាងក្លឹបដូច Ronaldo ឡើយ!!!

កាលពីពេលថ្មីៗនេះ អ្នកវិភាគបាល់ទាត់ Andy Goldstein បានរិះគន់តារាឆ្នើម Cristiano Ronaldo ដោយនិយាយថា គាត់មិនចូលចិត្តកីឡាករបាល់ទាត់ណាដែលដូចខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះឡើយ។
ដោយឡែកយើងបានដឹងហើយថា Cristiano Ronaldo ទទូចចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ទោះបីជាអ្នកចាត់ការថ្មីលោក Erik ten Hag សុំឲ្យគាត់ស្នាក់នៅ និងសន្យាដាក់គាត់ឲ្យលេងបានទៀតទាត់ក៏ដោយ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានត្រឡប់ទៅទីលានហ្វឹកហាត់នៅ Old Trafford វិញកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ហើយត្រូវបានគេរាយការណ៍ថា ពួកគេនៅតែព្យាយាមទាក់ទងទៅកាន់ក្លឹបផ្សេងៗ ដើម្បីធ្វើឲ្យ Cristiano Ronaldo អាចចាកចេញពីក្លឹបបិសាចក្រហមបាន។
Cristiano Ronaldo ត្រូវបានគេនិយាយថា នឹងចាកចេញពីបិសាចក្រហមនៅរដូវក្ដៅនេះ បើទោះបីជាមានវត្តមានរបស់អតីតគ្រូបង្វឹកលោក Sir Alex Ferguson ចេញមកនិយាយសម្របសម្រួលជាមួយគាត់ក៏ដោយ។
សម្រាប់អ្នកវិភាគបាល់ទាត់ Goldstein មានអារម្មណ៍ថា កីឡាករវ័យ 37 ឆ្នាំ Cristiano Ronaldo កំពុងបង្ហាញអំណាចធំជាងក្លឹប ហើយក្លឹបគួរតែអនុញ្ញាតឲ្យគាត់ទៅ។ Goldstein ដែលជាអ្នកគាំទ្រម្នាក់របស់ក្លឹប Manchester United ដែរនោះ បាននិយាយថា៖ “ខ្ញុំមិនចូលចិត្តកីឡាករណាដែលគិតថាពួកគេធំជាងក្លឹបនោះទេ។… ប្រសិនបើអ្នកមានកីឡាករដូច Ronaldo នោះអ្នកនឹងមានអារម្មណ៍ថា មានកាតព្វកិច្ចមួយ ដែលត្រូវជ្រើសរើសយកគាត់”។
ប្រភព: Dailypost