បាល់ទាត់អន្តរជាតិ
Barcelona បញ្ជាក់ថា នឹងលក់កីឡាករពីររូបចេញ ដើម្បីចុះហត្ថលេខាលើ Marcos Alonso

កាលពីពេលថ្មីៗនេះ ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថា ខ្សែការពារសញ្ជាតិបារាំង Samuel Umtiti និង Martin Braithwaite ត្រូវតែចាកចេញពីក្លឹបនៅរដូវក្តៅនេះ ដើម្បីឲ្យក្លឹបមានលទ្ធភាពអាចចុះហត្ថលេខាលើខ្សែការពារស្លាបចំណូលថ្មី Marcos Alonso បាន។
យោងតាមអ្វីដែលលោក Joan Laporta បានលើកឡើង នោះមានន័យថា កីឡាករទាំងពីរ (Samuel Umtiti និង Martin Braithwaite) ត្រូវតែយល់ព្រមផ្ទេរចេញទៅចូលរួមជាមួយក្លឹបផ្សេងនៅរដូវក្ដៅនេះជាដាច់ខាត ទោះបីចង់ រឺមិនចង់ក៏ដោយ។
យ៉ាងណាមិញពេលនេះ Barcelona កំពុងព្យាយាមកាត់បន្ថយចំនួនកីឡាកររបស់ខ្លួន និងកាត់បន្ថយការចំណាយប្រាក់ឈ្នួលរបស់ពួកគេទៅលើកីឡាករ ដើម្បីអាចចុះហត្ថលេខាលើកីឡាករចំណូលថ្មីបាន ហើយមិនល្មើសទៅនឹងច្បាប់តុល្យភាពនៃចំណូលចំណាយរបស់ក្លឹប។
Laporta បាននិយាយថា “Umiti និង Braithwaite… ឥឡូវនេះអ្នកទាំងពីរដឹងថា ដល់ពេលត្រូវចេញទៅក្លឹបផ្សេងហើយ”។ លោកបានបន្ថែមថាទៀតថា៖ “យើងនឹងបញ្ចប់ការចុះហត្ថលេខាផ្ទេរកីឡាករថ្មីម្នាក់ទៀត ជាមួយនឹងកិច្ចព្រមព្រៀងដែលស្របនឹងគោលការណ៍”។
ដោយឡែកគេជឿថា កីឡាករចំណូលថ្មីរបស់ក្លឹប Barcelona ជាខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញរបស់ក្លឹបតោខៀវ Chelsea គឺ Marcos Alonso ហើយកិច្ចព្រមព្រៀងគ្រប់យ៉ាងក៏ស្ទើរតែបញ្ចប់រួចរាល់អស់ទៅហើយ។
ប្រភព: Dailypost NG