បាល់ទាត់អន្តរជាតិ
Brentford ត្រៀមប្រកាសបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មី Mikkel Damsgaard

ក្លឹប Brentford អាចនឹងប្រកាសពីការចុះហត្ថលេខាលើកីឡាករសញ្ជាតិដាណឺម៉ាក Mikkel Damsgaard នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានយល់ព្រមលើតម្លៃផ្ទេរ 20 លានអឺរ៉ូ ជាមួយ Sampdoria (នេះបើយោងតាមការចុះផ្សាយរបស់ 90min.com)។
ក្លឹបមេឃ្មុំ Brentford ហាក់ដូចជាមានការមមាញឹកជាខ្លាំង នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ខណៈដែលពួកគេមានបំណងការពារខ្លាចបាត់បង់តំណែងនៅ Premier League ហើយធ្លាក់ទៅលេងនៅ EFL Championship រដូវកាលបន្ទាប់។
ដោយឡែកលោក Thomas Frank ធ្លាប់បានលើកឡើងថា ក្លឹប Brentford មានភាពគ្រប់គ្រាន់ក្នុងការរក្សាទម្រង់លេងរបស់ខ្លួនបានល្អ ទោះបីជាមានការចាកចេញរបស់តារាឆ្នើម Christian Eriksen ទៅ Manchester United ក៏ដោយ។
យ៉ាងណាមិញនៅពេលនេះ ពួកគេបានសម្រេចចិត្តចុះហត្ថលេខាលើកីឡាករវ័យ 22 ឆ្នាំ Mikkel Damsgaard របស់ក្លឹបនៅអ៊ីតាលី Sampdoria។ ខ្សែប្រយុទ្ធស្លាបរូបនេះមានទម្រង់លេងល្អផងដែរជាមួយក្រុមជម្រើសជាតិដាណឺម៉ាក ដោយលេងសរុបបាន 16 ប្រកួត រកបានគ្រាប់បាល់ 4 គ្រាប់។
ប្រភព: Fabrizio Romano