បាល់ទាត់អន្តរជាតិ
Carlo Ancelotti នឹងបញ្ចប់អាជីពជាគ្រូបង្វឹក បន្ទាប់ពីអស់ភារកិច្ចជាមួយ Real Madrid

នៅថ្ងៃនេះលោក Carlo Ancelotti បានបង្ហើបថា គាត់នឹងចូលនិវត្តន៍ពីការកាន់តំណែងជាគ្រូបង្វឹក នៅពេលដែលគាត់ឈប់ដឹកនាំនៅក្លឹប Real Madrid ខណៈដែលបច្ចុប្បន្នគ្រូបង្វឹករូបនេះមានវ័យ 63 ឆ្នាំទៅហើយ។
ដោយឡែកលោក Carlo Ancelotti ត្រូវបានគេចាត់ទុកថា គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៅក្នុងពិភពបាល់ទាត់ ដោយគាត់ធ្លាប់ទទួលបានបទពិសោធន៍យ៉ាងជោគជ័យ គិតចាប់តាំងពីចាប់ផ្តើមអាជីពមួយនេះក្នុងឆ្នាំ 1992។
គាត់ គឺជាគ្រូបង្វឹកតែម្នាក់គត់ដែលឈ្នះពានគ្រប់លីគកំពូលទាំង 5 របស់ទ្វីបអឺរ៉ុប ដោយបានលើកពានជាមួយ AC Milan, Chelsea, PSG, Real Madri និង Bayern Munich ហើយគាត់ក៏ជាគ្រូបង្វឹកជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ UEFA Champions League ផងដែរ ដោយដឹកនាំក្រុមឲ្យឈ្នះពានបានសរុបចំនួន 4 ដង។
ដោយមិនមានអ្វីនៅសល់ ដើម្បីជាការចង់សម្រេចបានពេលនេះលោក Carlo Ancelotti បានបញ្ជាក់ថា គាត់មានគម្រោងបញ្ចប់អាជីពជាគ្រូបង្វឹក នៅពេលដែលគាត់ចាកចេញពី Real Madrid។ កុងត្រាបច្ចុប្បន្នរបស់ Ancelotti នឹងផុតកំណត់នៅឆ្នាំ 2024 ហើយគាត់កំពុងសប្បាយចិត្តជាមួយនឹងជីវិតនៅ Santiago Bernabeu។ គាត់មិនទាន់មានគម្រោងចាកចេញនៅអំឡុងពេលនេះឡើយ ដែលអាចជាពេលដែលផុតកុងត្រានៅរយៈពេល 2 ឆ្នាំទៀត។
ប្រភព: 90 Min