បាល់ទាត់អន្តរជាតិ
Liverpool បន្តរសជាតិស្មើជាមួយ Crystal Palace ខណៈដែល Darwin Nunez ទទួលបានកាតក្រហម (មានវីដេអូ)

ក្រុមហង្សក្រហម Liverpool ហាក់ដូចជាចាប់ផ្ដើមយ៉ាងលំបាកនៅរដូវកាលថ្មីនេះជាមួយប្រកួតនៅក្របខណ្ឌ Premier League ដោយរកបានត្រឹមតែពីរពិន្ទុប៉ុណ្ណោះ ក្នុងការឆ្លងកាត់ពីរប្រកួតដំបូង។ ប្រកួតទីមួយជាមួយ Fulham បញ្ចប់ទៅដោយលទ្ធផល 2 ស្មើ ខណៈដែលប្រកួតទីពីរកាលពីយប់មិញនេះជាមួយ Crystal Palace ទទួលបានលទ្ធផល 1 ស្មើ។
Liverpool ស្ទើរតែត្រូវភ្លាត់ចាញ់ Crystal Palace ទៅហើយ ប៉ុន្តែ Luis Diaz បានស៊ុតគ្រាប់បាល់មួយគ្រាប់ដ៏អស្ចារ្យតាមស្មើបានវិញ។ លើសពីនេះទៅទៀត ខ្សែប្រយុទ្ធ Darwin Nunez ថែមទាំងទទួលបានការក្រហម ដោយបណ្ដេញចេញពីការប្រកួតផងដែរ។
មួយគ្រាប់បើកឆាកនៅក្នុងការប្រកួតរបស់ Crystal Palace គឺជាការស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Wilfried Zaha នៅនាទីទី 32។
យ៉ាងណាមិញ Darwin Nunez បានដើរចេញពីការប្រកួតទាំងមិនអស់ចិត្តបន្ទាប់ពីទទួលបានកាតក្រហម ក្រោយពេលដែលគាត់បានយកក្បាលទៅបុកនឹងមុខរបស់ខ្សែការពារ Joachim Andersen ឲ្យដួលទៅលើដី។
ប្រកួតបន្ទាប់របស់ក្លឹបហង្សក្រហម Liverpool នឹងត្រូវជួបជាមួយក្លឹបបិសាចក្រហម Manchester United នៅថ្ងៃទី 23 ខែនេះ ហើយខ្សែប្រយុទ្ធ Darwin Nunez នឹងត្រូវអវត្តមានសម្រាប់ការប្រកួតនោះ ដោយសារជាប់ពិន័យកាតក្រហម។
វីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min