បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមត្រៀមផ្ទេរ Yannick Carrasco របស់ក្លឹប Atletico Madrid

តារាឆ្នើមរបស់ក្លឹប Atletico Madrid គឺកីឡាករ Yannick Carrasco ស្ថិតក្នុងចំណោមកីឡាករគោលដៅនៃការចង់បានរបស់ក្លឹបបិសាចក្រហម Manchester United ខណៈដែលក្លឹបកំពុងស្វែងរកការនាំយកខ្សែប្រយុទ្ធម្នាក់ទៀតនៅរដូវក្ដៅនេះ។
ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថា នឹងអាចនាំយកកីឡាករចំណូលថ្មីឲ្យបានចំនួនប្រាំនាក់ មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 1 ខែកញ្ញានេះ ដោយបច្ចុប្បន្នកិច្ចពិភាក្សាផ្ទេរតារាឆ្នើម Casemiro របស់ក្លឹប Real Madrid កំពុងដំណើរការ។
របាយការណ៍មួយផ្សេងទៀតបានអះអាងថា ក្នុងខែនេះកីឡាករដែលក្លឹបបិសាចក្រហមត្រៀមផ្ទេរគឺមាន ខ្សែបម្រើម្នាក់ទៀត ខ្សែការពារស្ដាំ អ្នកចាំទីបម្រុង និងខ្សែប្រយុទ្ធ ដែលមានសមត្ថភាពអាចបញ្ចប់ទីបានល្អ។
ដូចគ្នានេះដែរ ក្លឹបបិសាចក្រហម Manchester United ក៏បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Christian Pulisic ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Chelsea ខណៈដែលឆ្នើមរបស់ក្លឹប Ajax គឺកីឡាករ Antony នៅតែជាគោលដៅផ្ទេររបស់ពួកគេនៅរដូវក្តៅនេះដែរ។
លើសពីនេះទៀត យោងតាមសារព័ត៌មាន The Telegraph បានរាយការណ៍ថា ខ្សែបម្រើប្រយុទ្ធសញ្ជាតិបែលហ្សិក Carrasco ក៏ជាគោលដៅផ្ទេរសម្រាប់ក្លឹបបិសាចក្រហមផងដែរ។ របាយការណ៍ដដែលនោះក៏បានឲ្យដឹងបន្ថែមទៀតថា កីឡាករវ័យ 28 ឆ្នាំរូបនេះ នឹងអាចត្រូវបានផ្ទេរចេញ ក្នុងតម្លៃ 25.5 លានផោន ដែលវាជាតម្លៃដែល Atletico Madrid ចង់បាន។
គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ក្លឹបបិសាចក្រហម Manchester United បានដេញថ្លៃ 110 លានផោន ដែលជាតម្លៃដ៏ធំសម្បើមសម្រាប់ការផ្ទេរ Joao Felix ប៉ុន្តែក្លឹប Atletico Madrid បានបដិសេធ និងបញ្ជាក់ថា ពួកគេមិនលក់កីឡាករសញ្ជាតិព័រទុយហ្គាល់របស់ពួកគេឡើយ។
ប្រភព: Metro UK