បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United ស្គាល់ជ័យជំនះជាលើកដំបូង ក្រោយយកឈ្នះ Liverpool 2-1 (មានវីដេអូ)

នៅទីបំផុតក្លឹបបិសាចក្រហមបានរំកិលចេញពីបាតតារាង Premier League ហើយ បន្ទាប់ពីធ្វើការប្រកួតយកឈ្នះក្រុមហង្សក្រហម Liverpool កាលពីរំលងអាធ្រាតយប់មិញនេះ ជាមួយនឹងលទ្ធផល 2 ទល់នឹង 1។
ជ័យជំនះនេះដែរ វាជាលើកដំបូងរបស់ក្លឹបបិសាចក្រហម Manchester United នៅក្របខណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពីបរាជ័យពីរប្រកួតដំបូងជាមួយ Brighton និង Brentford ខណៈដែលក្លឹបហង្សក្រហម Liverpool មិនទាន់ស្គាល់រសជាតិឈ្នះឡើយនៅរដូវកាលនេះ ដោយពួកគេស្មើពីរប្រកួតដំបូងជាមួយ Fulham និង Crystal Palace ហើយចុងក្រោយចាញ់ Manchester United។
ដោយឡែកទម្រង់លេងរបស់ក្លឹបបិសាចក្រហមកាលពីយប់មិញនេះ ហាក់ដូចជាមានភាពប្រែប្រួលខ្លាំង ខុសពីប្រកួតមុនៗ ដោយពួកគេព្យាយាមតាមដេញបាល់ពីគូប្រកួត និងព្យាយាមវាយបកប្រកបដោយគុណភាព។ ដូចគ្នានេះដែរ គ្រូបង្វឹកលោក Erik ten Hag បានផ្លាស់ប្ដូរខ្សែការពារកណ្ដាលឲ្យ Varane ចាប់ដៃគូគ្នាជាមួយ Lisandro Martinez និងឲ្យ Harry Maguire អង្គុយកៅអីបម្រុង។ សម្រាប់តំបន់ប្រយុទ្ធខាងលើមាន Elanga, Rashford និង Jadon Sancho ហើយ Cristiano Ronaldo អង្គុយកៅអីបម្រុង។
គ្រាប់បាល់ពីរគ្រាប់របស់ក្លឹបបិសាចក្រហម Manchester United គឺជាការស៊ុតបញ្ចូលទីពី Jadon Sancho នៅនាទីទី 16 និង Marcus Rashford នៅនាទីទី 53។ ដោយឡែកមួយគ្រាប់តាមពីក្រោយរបស់ Liverpool គឺជាការស៊ុតបញ្ចូលទីពី Mohamed Salah នៅនាទីទី 81។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
អត្ថបទដោយ: ក្រុមការងារ x-sportskh