បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United និង Barcelona កំពុងសម្លឹងចង់បាន Hakimi

របាយការណ៍ដ៏ភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ ដែលបានរាយការណ៍ដោយទូរទស្សន៍ El Chiringuito បានឲ្យដឹងថា ក្លឹបអ្នកបុណ្យ Barcelona កំពុងពិចារណាលើផ្ទេរខ្សែការពារស្ដាំ Achraf Hakimi របស់ក្លឹប Paris Saint-Germain។
ដូចគ្នានេះដែរ ការចុះផ្សាយរបស់ Football Insider បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ក៏កំពុងមានចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិម៉ារ៉ុករូបនេះដែរ ខណៈដែលលោក Erik ten Hag មើលឃើញថា ទម្រង់លេងនៅតំបន់ការពារស្ដាំរបស់ Wan-Bissaka និង Diogo Dalot ហាក់ដូចជាមិនទាន់ដល់កម្រិតដែលគាត់ចង់បាន។
យ៉ាងណាមិញ Achraf Hakimi ដែលជាអតីតខ្សែការពាររបស់ក្លឹប Real Madrid បានចូលរួមជាមួយ PSG នៅរដូវក្តៅឆ្នាំ 2021 ដោយផ្ទេរពីក្លឹប Inter Milan។ កីឡាករវ័យ 23 រូបនេះតែងតែបង្ហាញខ្លួនមិនដែលខានឡើយក្នុងការប្រកួតសំខាន់ៗរបស់ក្លឹប PSG។
ពេលនេះ Hakimi កំពុងស្ថិតនៅលើរ៉ាដារបស់ក្លឹប Manchester United និង Barcelona ទោះបីជាវាមើលទៅហាក់ដូចជាមិនទំនងក៏ដោយ ប៉ុន្តែគ្រប់យ៉ាងនៅក្នុងពិភពបាល់ទាត់សុទ្ធតែអាចទៅរួច។ យ៉ាងណាសម្រាប់ការចរចារជាមួយ PSG ដើម្បីចុះហត្ថលេខាផ្ទេរ Achraf Hakimi ពិតជាមិនងាយស្រួលឡើយ។
ប្រភព: Caughtoffside