បាល់ទាត់អន្តរជាតិ
ក្ដៅៗ!!! ក្លឹប Marseille ចាប់អារម្មណ៍លើការចុះហត្ថលេខាផ្ទេរ Cristiano Ronaldo

កំពូលតារាឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងទទួលបានក្ដីសង្ឃឹមក្នុងការចាកចេញពីក្លឹបរបស់ខ្លួននៅរដូវកាលនេះ និងមានឱកាសលេងពាន UEFA Champions League ផងដែរ បន្ទាប់ពីក្លឹប Marseille ចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយគាត់។
ប្រសិនបើ Ronaldo ផ្ទេរទៅក្លឹបយក្សបារាំង Marseille នោះគាត់នឹងអាចលេងជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal និង Manchester United គឺកីឡាករ Alexis Sanchez ដែលទើបនឹងផ្ទេរទៅទីនោះថ្មីៗនេះដែរ។
ដូចគ្នានេះ Marseille ក៏ជាក្លឹបធំមួយនៅ Ligue 1 របស់បារាំងផងដែរ។ បច្ចុប្បន្ននៅលីគកំពូលរបស់ប្រទេសបារាំងមានតារាឆ្នើមដូចជា Lionel Messi, Neymar និង Kylian Mbappe ដែលលេងឲ្យ PSG និងជាក្លឹបគូប្រជែងជាមួយ Marseille ទៀតផង។
ការផ្ទេរទៅចូលរួមជាមួយក្លឹប Marseille នេះដែរ ត្រូវបានគេគិតថា នឹងអាចទៅរួច ដោយអតីតកីឡាករ Marseille លោក Jean-Charles De Bono ក៏បានបញ្ជាក់ពីលទ្ធភាពដែលក្លឹបពួកគេអាចនាំយក CR7 បាននៅរដូវកាលនេះ។ លោក De Bono ក៏បានបន្ថែមទៀតថា Marseille បានធ្វើការសិក្សារួចហើយអំពីលទ្ធភាពផ្នែកហិរញ្ញវត្ថុនៃការផ្ទេរខ្សែប្រយុទ្ធវ័យ 37 ឆ្នាំរូបនេះ។
ប្រភព: Dailypost NG