បាល់ទាត់អន្តរជាតិ
Karim Benzema ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

កាលពីម្សិលមិញនេះ នៅក្នុងព្រឹត្តិការណ៍នៃការចាប់ឆ្នោតវគ្គចែកពូល UEFA Champions League ខ្សែប្រយុទ្ធ Karim Benzema របស់ក្លឹបអធិរាជស Real Madrid បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA (UEFA Men’s Player of the Year Award) បន្ទាប់ពីកីឡាករឆ្នើមរូបនេះ លេចធ្លោរខ្លាំងនៅរដូវកាលឆ្នាំ 2021/22។
កីឡាករឆ្នើមសញ្ជាតិបារាំង Karim Benzema គឺជាតួអង្គដ៏សំខាន់ដែលបានជួយឲ្យក្លឹបស្ដេចស Real Madrid ឈ្នះជើងឯក UEFA Champions League ជាលើកទី 14 របស់ពួកគេ ដោយបានស៊ុតបញ្ចូលទីបានយ៉ាងច្រើនគ្រាប់ និងរកបានគ្រាប់បាល់ក្នុងការប្រកួតជម្រុះសំខាន់ៗជាមួយ PSG, Chelsea និង Manchester City។
ដូចគ្នានេះដែរ Karim Benzema ក៏ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការឈ្នះពាន La Liga របស់ Real Madrid ផងដែរ។ សមិទ្ធិផលទាំងឡាយដែល Benzema បានធ្វើកាលពីរដូវកាលមុន ជាហេតុផលដ៏សាកសមបំផុតក្នុងការឈ្នះពាននេះ ហើយគាត់ថែមទាំងជាបេក្ខភាពដ៏សំខាន់ដែលនឹងឈ្នះពាន Ballon d’or នៅឆ្នាំនេះដែរ។
យ៉ាងណាមិញគ្រូបង្វឹករបស់ Karim Benzema គឺលោក Carlo Ancelotti ក៏បានឈ្នះពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំរបស់ UEFA ផងដែរ បន្ទាប់ពីបានដឹកនាំ Real Madrid ឲ្យឈ្នះពាន La Liga និង UEFA Champions League កាលពីរដូវកាលមុន។
ប្រភព: 90 Min