បាល់ទាត់អន្តរជាតិ
Barcelona កំពុងព្យាយាមលក់ Jordi Alba ទៅឲ្យ Inter Milan ខណៈដែលសាមីខ្លួនបដិសេធមិនព្រមចាកចេញ

ព័ត៌មានចុងក្រោយដែលទាក់ទងនឹង Barcelona គឺក្លឹបយក្សកាតាឡាន់ បានឈានដល់កិច្ចព្រមព្រៀងជាមួយ Inter Milan សម្រាប់ការផ្ទេរកីឡាករចាស់វស្សារបស់ខ្លួន Jordi Alba ហើយ ប៉ុន្តែ Alba ផ្ទាល់មិនយល់ព្រមចាកចេញឡើយ។
ខ្សែការពារឆ្វេង Jordi Alba នៅមានកុងត្រាជាមួយក្លឹប Barcelona រហូតដល់ឆ្នាំ 2024 ហើយគាត់មិនទទួលការសម្រេចចិត្តរបស់ក្លឹបដែលចង់ផ្ទេរគាត់ចេញនោះទេ។ ដូចគ្នានេះដែរ ប៉ុន្មានប្រកួតចុងក្រោយនេះ Barcelona មិនបានប្រើប្រាស់ Jordi Alba ឡើយ ដោយឲ្យគាត់នៅអង្គុយកៅអីបម្រុង និងជំនួសមកវិញដោយខ្សែការពារវ័យក្មេង Alejandro Balde។
លើសពីនេះទៅទៀត ក្លឹបអ្នកមានបុណ្យ Barcelona ក៏ត្រៀមនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរខ្សែការពារឆ្វេង Marcos Alonso របស់ក្លឹបតោខៀវ Chelsea ផងដែរ។ ដូច្នេះ Jordi Alba ប្រហែលមិនស្ថិតនៅក្នុងគម្រោងប្រើប្រាស់បន្តទៀតឡើយ ហើយក្លឹបព្យាយាមលក់គាត់ចេញឲ្យបានមុនកុងត្រារបស់គាត់ត្រូវផុតកំណត់ ប្រសិនបើមានការដេញថ្លៃដ៏សមរម្យមួយ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានលេងប្រកួតសរុបជាង 400 ប្រកួតសម្រាប់ក្លឹប Barcelona គិតចាប់តាំងពីការផ្ទេរកាលពីឆ្នាំ 2012 ដោយបានឈ្នះពានរង្វាន់ Copas del Rey 5 ដង ពានរង្វាន់លីគ 5 ដង និង UEFA Champions League ចំនួន 1។
ប្រភព: Marca