បាល់ទាត់អន្តរជាតិ
Thiago Silva បង្ហើបថា គាត់ធ្លាប់បានសុំឲ្យ Chelsea ចុះហត្ថលេខាលើ Lucas Paqueta

ខ្សែការពារសញ្ជាតិប្រេស៊ីល Thiago Silva បានបង្ហើបឲ្យដឹងថា គាត់បានប្រាប់ក្លឹបតោខៀវ Chelsea ឲ្យព្យាយាមស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើ Lucas Paqueta ដែលជាមិត្តរួមជាតិរបស់គាត់ តាំងពីមុនពេលកីឡាកររូបនេះធ្លាក់ក្នុងដៃរបស់ West Ham។
Thiago Silva ចង់បានមិត្តរួមសញ្ជាតិប្រេស៊ីលរបស់គាត់ មកលេងក្នុងក្លឹបជាមួយគ្នានៅអង់គ្លេស និងបាននិយាយថា៖ “ខ្ញុំបានលឺថាគាត់ត្រៀមនឹងចាកចេញពី Lyon ដូច្នេះខ្ញុំបាននិយាយខ្លះៗ ជាមួយមនុស្សមួយចំនួននៅក្លឹប ប៉ុន្តែជាអកុសលអ្វីៗមិនដំណើរការទេ”។
យ៉ាងណា Thiago Silva បានបន្ថែមទៀតថា៖ “ប៉ុន្តែខ្ញុំសប្បាយចិត្តសម្រាប់ Paqueta ដែលមក West Ham ព្រោះក្លឹបរបស់ពួកគេពិតជាមានរចនាសម្ព័ន្ធល្អ ហើយក៏ជាក្លឹបដ៏អស្ចារ្យមួយនៅក្របខ័ណ្ឌ Premier League ដែរ”។
ជាមួយគ្នានោះដែរ ខណៈដែល Chelsea មិនបានចុះហត្ថលេខាលើ Paqueta នោះ ពួកគេក៏បានចំណាយច្រើនជាង 250 លានផោននៅរដូវក្តៅនេះ ដោយនាំយកកីឡាករចំណូលថ្មីដ៏ច្រើនដូចជា៖ Raheem Sterling, Kalidou Koulibaly, Wesley Fofana និង Pierre-Emerick Aubameyang។
ប្រភព: Metro