បាល់ទាត់អន្តរជាតិ
Jurgen Klopp បង្ហើបថា គាត់មិនបារម្ភខ្លាចត្រូវបានក្លឹបបណ្ដេញចេញពីតំណែងឡើយ

លោក Jurgen Klopp បានបញ្ជាក់ថា គាត់មិនព្រួយបារម្ភអំពីសុវត្ថិភាពការងាររបស់គាត់ទេ បើទោះបីជារដូវកាលនេះក្លឹបហង្សក្រហម Liverpool ហាក់ដូចជាស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំងក៏ដោយ។
ជាការពិតណាស់ ក្លឹបហង្សក្រហម Liverpool បានឈ្នះតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត 6 លើកដំបូងរបស់ពួកគេក្នុងយុទ្ធនាការរដូវកាលនេះនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ហើយកាន់តែធ្ងន់ធ្ងរជាងនេះពួកគេបានចាញ់ 4-1 កាលពីម្សិលមិញនេះជាមួយ Napoli ជាការប្រកួតបើកឆាកក្របខ័ណ្ឌ UEFA Champions League។
ជាមួយនឹងរឿងរ៉ាវទាំងនេះ ធ្វើមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា កៅអីរបស់លោក Jurgen Klopp កំពុងឡើងកម្ដៅហើយ ខណៈដែលក្លឹបតោខៀវ Chelsea ទើបតែបានចែកផ្លូវគ្នាជាមួយលោក Thomas Tuchel បន្ទាប់ពីដឹកនាំក្រុមមិនសូវបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះ។
ប៉ុន្តែយ៉ាងណាក្ដីលោក Jurgen Klopp បានបង្ហាញថា លោកមិនបារម្ភរឿងក្លឹប បណ្ដេញគាត់ចេញដូចគ្នានោះទេ។ នៅពេលដែលត្រូវបានគេសួរថា តើគាត់ព្រួយបារម្ភអំពីការបណ្ដេញចេញពីតំណែងទេ? ពេលនោះ Jurgen Klopp បានឆ្លើយតបថា៖ “មិនអាចទេ!… ម្ចាស់ក្លឹបរបស់យើងមានភាពស្ងប់ស្ងាត់ណាស់ ហើយគាត់រំពឹងថា ខ្ញុំនឹងរៀបចំស្ថានភាពឲ្យប្រសើរឡើងវិញ ហើយខ្ញុំគិតថាមិនមានរឿងបែបនេះកើតឡើងឡើយ”។
ប្រភព: 90 Min