បាល់ទាត់អន្តរជាតិ
Mikel Arteta លើកឡើងថា Ben White គួរតែត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស

អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបថា មានហេតុផលជាច្រើនដែលខ្សែការពារ Ben White គួរតែត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate សម្រាប់ការប្រកួតអន្តរជាតិនៅប៉ុន្មានថ្ងៃខាងមុខនេះ។
យ៉ាងណាមិញ Ben White បានចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅក្លឹបកាំភ្លើងធំ Arsenal ក្នុងការកាន់កាប់តំណែងជាខ្សែការពារស្តាំ និងជួយក្រុមរបស់ខ្លួនឲ្យឈ្នះក្នុងការប្រកួតបើកឆាក Premier League ចំនួន 6 ប្រកួតដំបូងរបស់ពួកគេ។
ថ្វីត្បិតតែទម្រង់លេង និងជាខ្សែការពារដ៏រឹងមាំក៏ដោយ អតីតកីឡាករ Brighton រូបនេះមិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេសឡើយ ខណៈដែលខ្សែការពារ Harry Maguire និង Marc Guehi ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិជាធម្មតា។
ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃសុក្រម្សិលមិញនេះ Mikel Arteta បានសារភាពថា លោកមានការភ្ញាក់ផ្អើលចំពោះការដកខ្សែការពាររបស់គាត់ Ben White ចេញពីក្រុម។ Mikel Arteta បន្ថែមទៀតថា Ben White កំពុងផ្តល់ហេតុផលជាច្រើនក្នុងការជ្រើសរើសឲ្យជាប់ក្នុងក្រុមជម្រើសជាតិ ហើយខ្សែការពាររូបនេះមានសមត្ថភាពអាចលេងតំណែងបានពីរផងដែរ ទាំងការពារកណ្ដាល និងការពារស្ដាំ។
ប្រភព: 90 Min