បាល់ទាត់អន្តរជាតិ
Cristiano Ronaldo រឺ Lionel Messi? នេះជាចម្លើយរបស់ខ្សែប្រយុទ្ធស្លាប Luis Diaz

ខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Luis Diaz បានផ្ដល់យោបល់ពីគំនិតផ្ទាល់ខ្លួនរបស់គាត់នៅក្នុងសំណួរនៃការជជែកដេញដោលមិនចេះចប់មិនចេះហើយ រវាងការជ្រើសរើសកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo។
យ៉ាងណាមិញ Luis Diaz កំពុងក្លាយជាកីឡាករដែលលេចធ្លោរខ្លាំង ជាពិសេសពេលដែលគាត់បានផ្ទេរពីក្លឹប FC Porto មកកាន់ក្លឹបយក្សនៅអង់គ្លេស Liverpool។ រដូវកាលនេះ Luis Diaz ស៊ុតបញ្ចូលទីបាន 4 គ្រាប់នៅក្នុងការបង្ហាញខ្លួន 8 ប្រកួតនៅគ្រប់ក្របខណ្ឌទាំងអស់របស់ក្លឹបហង្សក្រហម។
ខ្សែប្រយុទ្ធស្លាបសញ្ជាតិកូឡុំប៊ីបានបង្ហើបប្រាប់ Mundo Deportivo ថា គាត់ចូលចិត្តក្លឹប Barcelona ជាងក្លឹបអធិរាជស Real Madrid។ ជាមួយគ្នានោះដែរ គាត់ចូលចិត្តកីឡាករ Lionel Messi ជាង Cristiano Ronaldo។
ដោយឡែកយើងគ្រប់គ្នាបានដឹងហើយថា Lionel Messi និង Cristiano Ronaldo គឺជាដៃគូប្រជែងជាយូរមកហើយ ជាពិសេសពេលដែលពួកគាត់លេងនៅលីគកំពូលនៃប្រទេសអេស្ប៉ាញ La Liga។ ដូចគ្នានេះដែរ យើងប្រហែលជាមិនអាចមើលពួកគាត់លេងបាល់បានជាច្រើនឆ្នាំទៀតឡើយ ខណៈដែល Lionel Messi មានវ័យ 35 ឆ្នាំ ហើយ Cristiano Ronaldo មានវ័យ 37 ឆ្នាំទៅហើយ។ អ្នកគាំទ្របាល់ទាត់ជាច្រើនគិតថា World Cup ឆ្នាំនេះ គឺជា World Cup លើកចុងក្រោយដែលមានវត្តមានរបស់ Lionel Messi និង Cristiano Ronaldo ផងដែរ។
ប្រភព: Sportskeeda