បាល់ទាត់អន្តរជាតិ
Sergio Ramos អាចនឹងចាកចេញពី PSG ហើយទៅលេងនៅជប៉ុន រឺអាមេរិច

កីឡាករ Sergio Ramos របស់ក្លឹប Paris Saint-Germain (PSG) បានទទួលសំណើរចំនួនពីរដែលមិនមែនជាក្លឹបធំៗនៅតំបន់អ៊ឺរ៉ុប (នេះបើតាម El Nacional បានអះអាង)។ ក្លឹប Vissel Kobe របស់ជប៉ុន និងក្លឹប Inter Miami ដែលជាក្លឹបនៅ MLS និងគ្រប់គ្រងដោយ David Beckham ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid រូបនេះ។
បន្ទាប់ពីឆ្លងកាត់រដូវកាលដំបូងដ៏ពិបាក ជាមួយនឹងបញ្ហារបួស នៅរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Christophe Galtier ខ្សែការពារវ័យ 36 ឆ្នាំរូបនេះ បានបង្ហាញខ្លួនស្ទើរគ្រប់ប្រកួតទាំងអស់ គិតមកទល់នឹងពេលនេះមានចំនួន 11 ប្រកួតហើយ។
ខណៈដែល Ramos ហាក់ដូចជាមានទម្រង់លេងល្អប្រសើរឡើងវិញនោះ គាត់ត្រូវបានគេជឿថា មិនទាន់បានសម្រេចចិត្តច្បាស់លាស់ពីការស្នាក់នៅប្រទេសបារាំងបន្តទៀត រឺអត់នោះឡើយ។ យោងតាមប្រភពជាច្រើនបានអះអាងថា Sergio Ramos អាចចាកចេញពី PSG និងស្វែងរកក្លឹបថ្មីដែលអាចផ្ដល់កុងត្រារយៈពេលយូរដល់គាត់។
ជាមួយគ្នានេះដែរក្លឹប Vissel Kobe របស់ J1 League បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ramos ហើយបានដាក់សំណើររួចហើយ។ Vissel Kobe កំពុងធ្លាក់ទម្រង់លេងខ្លាំង ដោយពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី 13 ក្នុងតារាង J1 League ហើយមានបំណងចង់ពង្រឹងក្រុមរបស់ពួកគេឡើងវិញនៅមុនរដូវកាលក្រោយ។ ក្លឹបជប៉ុនមួយនេះដែរ ក៏បានចុះហត្ថលេខាលើ Andres Iniesta ពី Barcelona ក្នុងខែកក្កដា ឆ្នាំ 2018 ហើយពួកគេតែងតែមានទំនាក់ទំនងល្អជាមួយកីឡាករបាល់ទាត់នៃប្រទេសអេស្ប៉ាញ។
ក្រៅពី Vissel Kobe ក្លឹប Inter Miami របស់ Beckham ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ramos ផងដែរ។ ពួកគេមានបំណងចង់ចុះហត្ថលេខាលើខ្សែការពាររូបនេះ ដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្រ។ យ៉ាងណាគេជឿថា Ramos បើកចិត្តក្នុងការលេងឲ្យ Inter Miami ប៉ុន្តែគាត់នៅតែចាប់អារម្មណ៍ និងពិចារណាលើការផ្ទេរទៅលេងនៅប្រទេសជប៉ុនផងដែរ។
ប្រភព: Sportskeeda