បាល់ទាត់អន្តរជាតិ
Benfica ចង់លក់ខ្សែប្រយុទ្ធ Darwin Nunez ទៅឲ្យ Manchester United ដែលមានតម្លៃថ្លៃប្រហាក់ប្រហែលនឹង Joao Felix

ខណៈដែលខ្សែប្រយុទ្ធ Darwin Nunez កំពុងឡើងជើងខ្លាំង និងមានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍នោះ ក្លឹប Benfica បានដំឡើងថ្លៃផ្ទេររបស់គេប្រហាក់ប្រហែលនឹងពេលដែលពួកគេបានលក់ Joao Felix ទៅឲ្យ Atletico Madrid កាលពីឆ្នាំ 2019 ដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប ហើយអ្នកចាត់ការទូទៅរបស់ក្លឹប Benfica លោក Nelson Verissimo ក៏បានសារភាពដែរថា ពួកគេនឹងលក់ Nunez នៅចុងបញ្ចប់នៃរដូវកាលនេះ។
Nunez ត្រូវបានគេមើលឃើញថា គឺជាខ្សែប្រយុទ្ធដែលមានទម្រង់លេងអាចនឹងសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងក្លឹបនៅតំបន់អ៊ឺរ៉ុប ខណៈដែលគាត់បានស៊ុតបញ្ចូលទីបាន 29 គ្រាប់ ក្នុងការបង្ហាញខ្លួន 34 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Benfica ក្នុងរដូវកាលនេះ។
យោងតាម Express Sport បានរាយការណ៍ថា ក្លឹបបិសាចក្រហម Manchester United ធ្លាប់បានទាក់ទងទៅកាន់ Darwin Nunez លើសពី 10 ដងក្នុងរដូវកាលនេះ ប៉ុន្តែប្រហែលជាពួកគេកំពុងស្ទាក់ស្ទើរនឹងតម្លៃផ្ទេរដ៏ខ្ពស់មួយ ហើយពួកគេមិនអាចលក់ Paul Pogba ដើម្បីយកថវិកាមកប្រើសម្រាប់ទិញ Darwin Nunez។
ប្រភព: 90 Min