Connect with us

បាល់ទាត់អន្តរជាតិ

Lisandro Martinez ​ច្រានចោល​ការ​រិះគន់​រឿង​កម្ពស់ ដែល​ធ្វើ​ឲ្យ​ពិបាក​ទប់​ទល់​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ខ្ពស់ៗ

Published

on

ខ្សែការពារ Lisandro Martinez របស់​ក្លឹប​បិសាចក្រហម បាន​​ច្រានចោល​ការ​ព្រួយ​បារម្ភ​ជុំវិញ​កម្ពស់​របស់​គាត់ និង​មាន​ការ​រិះគន់​ជា​ច្រើន ចាប់​តាំង​ពី​ពេល​ដែល​គាត់​បាន​ផ្ទេរ​មក​ក្លឹប​ Manchester United កាល​ពី​ដើម​រដូវកាល​មក​ម្ល៉េះ។

ដោយ​ឡែក ខ្សែការពារ​សញ្ជាតិ​អាហ្សង់ទីន Lisandro Martinez គឺ​ជា​ខ្សែការពារ​ម្នាក់​ដែល​មាន​កម្ពស់​ទាប ក្នុង​ចំណោម​ខ្សែការពារ​ទាបៗ​មួយ​ចំនួន​ទៀត​នៅ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស ដោយ​គាត់​មាន​កម្ពស់​ត្រឹម​តែ 1.75 ប៉ុណ្ណោះ។

ភាព​ខ្វះខាត​ផ្នែក​កម្ពស់​របស់ Lisandro Martinez ត្រូវ​បាន​ទទួល​ការរិះ​គន់​ជា​ខ្លាំង នៅ​ពេល​ដែល​មាន​ការ​ចាប់​ផ្តើម​មិន​សូវល្អ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ​រដូវកាល​នេះ ដោយ​ចាញ់ Brighton និង Brentford។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែការពារ​ដែល​មាន​រហស្សនាម​ថា Licha រូប​នេះ ហាក់​ដូចជា​​ស្អំចិត្ត​ដល់​អ្នក​គាំទ្រ​បាន​ឡើង​វិញ បន្ទាប់​ពី​ជួយ​ក្លឹប​បិសាច​ក្រហម​ឲ្យ​ឈ្នះ 4 ប្រកួត​ចុងក្រោយ​នៅ Premier League និង​បាន​បង្ហាញ​ពី​ទម្រង់​ការពារ​ដ៏​រឹងមាំ​របស់​ខ្លួន​ជា​មួយ​ដៃគូ Raphael Varane។

កាល​ពី​ពេល​ថ្មីៗ​នេះ Martinez បានប្រាប់ TyC Sports ថា៖ “និយាយ​ឲ្យ​ត្រង់​ទៅ វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត ក្នុង​ការ​លេង​នៅ​ក្លឹប​ធំៗ​ដូចជា Manchester United ជា​ពិសេស​ការ​លេង​នៅ Premier League ដែល​ខ្ញុំ​គិត​ថា ជា​លីគ​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក។… ខ្ញុំ​​មិន​​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ការ​រិះគន់​ទេ។ ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង។ ខ្ញុំ​តែង​តែ​ធ្វើ​ការ​ប្រឹងប្រែង​ហ្វឹកហាត់​​ជា​រៀង​រាល់​ថ្ងៃ។ នោះ​ហើយ​ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​ការ​ប្រកួត​បញ្ចប់​ទៅ”។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២