បាល់ទាត់អន្តរជាតិ
Malacia បដិសេធជាមួយគ្រូជម្រើសជាតិ Louis van Gaal ដោយមិនចង់លេងជាខ្សែការពារកណ្ដាល

ខ្សែការពារ Tyrell Malacia បានលើកឡើងថា ទីតាំងដ៏ល្អបំផុតរបស់គាត់ គឺនៅខ្សែការពារឆ្វេង ដែលការលើកឡើងនេះ កើតឡើងបន្ទាប់ពីគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ Louis van Gaal បានសាកល្បងដាក់ខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ ឲ្យលេងនៅតំបន់ការពារកណ្តាលអំឡុងពេលប្រកួតកាលពីថ្មីៗនេះ។
ដោយឡែកកីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានដាក់ឲ្យចូលលេងចុងតង់ទីមួយនៃការប្រកួត ដែលក្រុមជម្រើសជាតិហូឡង់បានទទួលជ័យជម្នះ 1-0 ទៅលើបែលហ្សិកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាការប្រកួតក្នុងក្របខណ្ឌ UEFA Nations League។
Tyrell Malacia ចូលមកជំនួសកន្លែងរបស់ Nathan Ake ខណៈដែលអ្នកគាំទ្រ និងខ្លួនគាត់ផ្ទាល់រំពឹងថា នឹងប្ដូរចូលលេងកន្លែងរបស់ Daley Blind ដែលជាតំបន់ការពារឆ្វេង។ ប៉ុន្តែគាត់បែរជាត្រូវលេងខ្សែការពារខាងក្រោមជាមួយ Virgil van Dijk និង Jurrien Timber។ ខណៈដែល Malacia លេងខុសកន្លែងរបស់គាត់នោះដែរ គាត់នៅតែបង្ហាញទម្រង់លេងដ៏ល្អ និងតាមបិទខ្សែបម្រើរបស់បែលហ្សិក Kevin De Bruyne យ៉ាងជាប់។
ទោះជាយ៉ាងណាក៏ដោយ Malacia ត្រូវបានគេឃើញថា បានជជែកគ្នាយ៉ាងក្ដៅគគុកជាមួយ Van Gaal នៅក្នុងអំឡុងពេលប្ដូរចូលលេងក្នុងការប្រកួតនោះ។ ជាមួយគ្នានេះដែរ Malacia បាននិយាយថា គាត់យល់ពីការសម្រេចចិត្តរបស់គ្រូបង្វឹករបស់គាត់ក្នុងការដាក់ឲ្យគាត់លេងនៅការពារកណ្តាល ទោះបីជាជំនាញជាខ្សែការពារឆ្វេងក៏ដោយ។
កីឡាករចំណូលថ្មីរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះបាននិយាយទៅកាន់ De Telegraaf ថា៖ “ខ្ញុំបានរត់ឡើងលើពីរ រឺបីដង។ វាមិនអាចទៅរួចទេ ក្នុងការចុះមកទីតាំងដើមវិញឲ្យបានលឿន។… ខ្ញុំសប្បាយចិត្តជាមួយនឹងការលេងនៅ Manchester United ពេលនេះ។ គ្រូបង្វឹកជម្រើសជាតិគិតថា ខ្ញុំគួរតែអាចលេងនៅកណ្តាលតំបន់ការពារបាន ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អបំផុត ក្នុងការលេងនៅការពារខាងឆ្វេង”។
ប្រភព: Metro