បាល់ទាត់អន្តរជាតិ
អតីតកីឡាកររបស់ក្លឹបហង្សក្រហមប្រាប់ Arnold កុំឲ្យបាក់ទឹកចិត្ត និងព្យាយាមដណ្ដើមកៅអីនៅក្រុមជម្រើសជាតិ

អតីតខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool លោក Glen Johnson បានប្រាប់ Trent Alexander-Arnold ថា គាត់ត្រូវតែឈប់សោកស្តាយចំពោះខ្លួនឯង ប្រសិនបើគាត់នៅតែចង់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបន្តទៀត។
ខណៈពេលដែលជារឿយៗ Trent Alexander-Arnold ត្រូវបានគេចាត់ទុកថា ជាខ្សែការពារស្តាំដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននោះ គាត់មិនសូវមានឱកាសបង្ហាញសមត្ថភាពឡើយជាមួយក្រុមជម្រើសជាតិអង់គ្លេស ដោយលោក Gareth Southgate ដែលជាគ្រូបង្វឹកចូលចិត្តជម្រើសផ្សេងទៀតដូចជា Kyle Walker, Reece James និង Kieran Trippier ជាដើម។
ចំណុចនេះត្រូវបានធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់មានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បានក្លាយជាជម្រើសដែលអង្គុយនៅកៅអីបម្រុង ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសបានបរាជ័យជាបន្តបន្ទាប់ និងមិនធ្លាប់ឈ្នះសូម្បីតែមួយប្រកួតនៅក្នុងវគ្គជម្រុះក្នុងពូល UEFA Nations League។
Glen Johnson បាននិយាយទៅកាន់ SafeBettingSites ដែលជាសារផ្ញើទៅកាន់ Trent Alexander-Arnold ថា៖ “វាមានរឿងផ្សេងទៀតនៅពីក្រោយ។ អ្នកកំពុងបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងរបស់ Liverpool រៀងរាល់សប្តាហ៍ ប៉ុន្តែមិនមែនសម្រាប់ជម្រើសជាតិអង់គ្លេសរាល់សប្តាហ៍នោះទេ”។
គាត់បានបន្ថែមទៀតថា៖ “ប្រសិនបើគាត់ (Arnold) សោកសៅ ហើយអាណិតខ្លួនឯង នោះវានឹងកាន់តែអាក្រក់ទៅៗ។ បើគាត់ដឹងថា គាត់មានការងារជាច្រើនដែលត្រូវធ្វើដើម្បីស្វែងរកទម្រង់លេងរបស់គាត់ឲ្យកាន់តែប្រសើរ នោះខ្ញុំប្រាកដណាស់ថា គាត់នឹងត្រូវក្លាយជាជម្រើសដំបូងសម្រាប់ក្រុមអង់គ្លេសក្នុងពេលឆាប់ៗនេះ”។
ប្រភព: Metro