បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធម្នាក់របស់ក្លឹប Real Madrid ចង់ឲ្យ Cristiano Ronaldo គិតគូពីការចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីតាលី និងធ្លាប់ជាអតីតកីឡាកររបស់ក្លឹប Real Madrid លោក Antonio Cassano បានអំពាវនាវឲ្យកីឡាករឆ្នើម Cristiano Ronaldo ចូលនិវត្តន៍ពីបាល់ទាត់ ជាជាងការប្រថុយខ្លួនបន្តនៅជាកីឡាករបម្រុងស្ទើរគ្រប់ប្រកួត ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះកំពុងមានទម្រង់លេងធ្លាក់ខ្លាំងនៅក្លឹបបិសាចក្រហម Manchester United។
ជាមួយគ្នានេះដែរ Cristiano Ronaldo បានក្លាយជាជម្រើស 11 នាក់ដំបូងនៃការប្រកួតលីកតែមួយប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Erik ten Hag ប៉ុន្តែកីឡាករវ័យ 37 ឆ្នាំរូបនេះ នៅតែស្ថិតក្នុងនាមជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ការប្រកួត UEFA Nations League។
ទោះបីជា Cristiano Ronaldo បង្ហាញខ្លួនជាធម្មតាជាមួយក្រុមជម្រើសជាតិ ប៉ុន្តែគាត់ហាក់ដូចជាមិនមែនជាម៉ាស៊ីនរកគ្រាប់បាល់ដូចពីមុនឡើយ និងបានខកខានឱកាសជាច្រើនពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ប៉ះជាមួយអេស្ប៉ាញកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ដូចគ្នានេះដែរ ព័រទុយហ្គាល់បានចាញ់ក្នុងការប្រកួតនោះក្នុងលទ្ធផល 1-0 ដែលមានន័យថា ពួកគេមិនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ UEFA Nations League ឡើយ។ ទាំងនេះ គឺជាហេតុផលដែល Cassano មានអារម្មណ៍ថា Cristiano Ronaldo មិនអាចឈានដល់កម្រិតស្តង់ដារដូចគាត់កាលពីមុនឡើយ ហើយគួរតែដល់ពេលវេលាចុងក្រោយសម្រាប់អាជីពរបស់គាត់ផងដែរ។
Cassano បានប្រាប់ Cabine Desportiva ថា៖ “ត្រង់ចំណុចនេះ Cristiano គួរតែពេញចិត្ត និងទទួលស្គាល់ខ្លួនឯង និងយល់ថា ប្រសិនបើអ្នកមិនឈានដល់កម្រិតណាមួយទេ អ្នកគួរតែបញ្ចប់វា។ Cristiano Ronaldo បានឈ្នះគ្រប់យ៉ាង ដែលយើងត្រូវតែទទួលស្គាល់។ ឈប់!… អ្នកត្រូវតែឈប់ បើមិនដូច្នេះទេ អ្នកនឹងព្យាយាមលេងជាកីឡាករបម្រុងតែប៉ុណ្ណោះ”។
ប្រភព: Dailymail