បាល់ទាត់អន្តរជាតិ
Eden Hazard និយាយថា កីឡាករល្អបំផុតមានតែមួយគត់ ហើយម្នាក់នោះគឺ…

ខ្សែប្រយុទ្ធស្លាប Eden Hazard របស់ក្លឹបអធិរាជស Real Madrid បានថ្លឹងថ្លែងលើការជជែកដេញដោលដែលនិយាយពីកីឡាករល្អបំផុតរវាងតារាឆ្នើម Lionel Messi និង Cristiano Ronaldo។ Eden Hazard បានជ្រើសរើស Messi ជាកីឡាករល្អបំផុតមិនធ្លាប់មាន ហើយគាត់បាននិយាយបែបនោះកាលពីឆ្នាំ 2018 ដែលពេលនោះគាត់នៅជាកីឡាកររបស់ក្លឹបតោខៀវ Chelsea នៅឡើយ។
ជាការពិតណាស់ កីឡាករជើងខ្លាំងទាំងពីរ Lionel Messi និង Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតពីររូបដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ការជជែកវែកញែករវាងអ្នកគាំទ្ររបស់ពួកគេទាក់ទងនឹងកីឡាករមួយណាដែលល្អជាងរវាងអ្នកទាំងពីរ ក៏នៅហាក់ដូចជាប្រធានបទដែលមិនអាចដល់ទីបញ្ចប់។
អ្នកខ្លះចូលចិត្តកីឡាករអាហ្សង់ទីន Lionel Messi ខណៈដែលអ្នកផ្សេងទៀតមានទំនោរទៅរកបុរសឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo។ ដូចគ្នានេះដែរ Eden Hazard ក៏បានបង្ហាញពីការយល់ឃើញរបស់គាត់ដែរ ដោយគាត់បានជ្រើសរើសយក Lionel Messi។
Eden Hazard ដែលបច្ចុប្បន្នជាកីឡាកររបស់ Real Madrid បាននិយាយថា៖ “តើអ្នកកំពុងតែនិយាយពី កីឡាករល្អបំផុតមាន 2 នាក់? គ្មានផ្លូវទេ។ កីឡាករល្អបំផុតមានតែមួយគត់ គាត់គឺ Lionel Messi!!! (ដកដង្ហើមធំ)។ ការប្រកួតទល់នឹង Barcelona មិនមែនជាការចងចាំដ៏ល្អបំផុតរបស់ខ្ញុំក្នុងឆ្នាំ 2018 ទេ តែខ្ញុំសប្បាយចិត្តដែលបានលេងតទល់នឹង Barcelona និង Lionel Messi ប៉ុន្តែពេលនោះខ្ញុំមិនអាចធ្វើបានល្អដូចនូវអ្វីដែលខ្ញុំរំពឹងទុកទេ”។
ប្រភព: Sportskeeda