បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រសើចចំអកចំពោះតួអង្គ Jack Grealish នៅក្នុងហ្គេម FIFA 23

កាលពីពេលថ្មីៗនេះ អ្នកគាំទ្របាល់ទាត់ជាច្រើនបានចំអកអំពីរូបភាពតួអង្គ Jack Grealish របស់ក្លឹប Manchester City នៅក្នុងហ្គេម FIFA 23 ដោយបានលើកឡើងថា វាហាក់ដូចជាហួសពីការរំពឹងទុក និងមើលទៅពិតជាអាក្រក់ពេកហើយ។
កីឡាកររបស់ក្លឹប Manchester City និងក្រុមជម្រើសជាតិអង់គ្លេសវ័យ 27 ឆ្នាំ Jack Grealish បានរក្សាការវាយតម្លៃ (Rating) 84 របស់គាត់ដដែលដូចកាលពីឆ្នាំមុនដែរ បើទោះបីជារដូវកាលដំបូងរបស់គាត់មិនល្អនៅ Manchester City ក៏ដោយ។ គាត់បានស៊ុតបញ្ចូលទីត្រឹមតែ 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដងប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 39 ប្រកួតសម្រាប់ក្រុម។
យ៉ាងណាមិញតួអង្គនៅក្នុងហ្គេម FIFA 23 របស់អតីតកីឡាករ Aston Villa រូបនេះ ត្រូវបានអ្នកគាំទ្ររិះគន់ និងចំអកជាខ្លាំង ដោយសារតែមើលទៅស្ទើរតែមិនដូចគាត់ទាំងស្រុង។ អ្នកគាំទ្រម្នាក់ក្នុងចំណោមនោះបានលើកឡើងថា FIFA 23 បានធ្វើឲ្យ Jack Grealish កខ្វក់ ខណៈដែលអ្នកខ្លះទៀតថា គាត់មើលទៅដូចមនុស្សអាក្រក់ក្នុងរឿង Green Lantern អញ្ចឹង។
ប្រភព: Thesun UK