បាល់ទាត់អន្តរជាតិ
Wolves បណ្ដេញលោក Bruno Lage ចេញពីតំណែងជាគ្រូបង្វឹក
ក្លឹបចចកខ្មៅ Wolves បានបណ្តេញគ្រូបង្វឹកលោក Bruno Lage ចេញពីតំណែងជាគ្រូបង្វឹកកាលពីម្សិលមិញនេះ បន្ទាប់ពីចាញ់ West Ham United 2-0 កាលពីថ្ងៃសៅរ៍កន្លងទៅ។ ការចាញ់ប្រកួតចុងក្រោយនេះ គឺជាការចាញ់លើកទី 4 របស់ Wolves នៅរដូវកាលនេះ ហើយបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 18 ក្បែរបាតតារាងរបស់ Premier League។

ដោយឡែកក្លឹប Wolves បានប្រកាសពីការចែកផ្លូវជាមួយគ្រូបង្វឹករូបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈគេហទំព័រផ្លូវការណ៍របស់ខ្លួន និងបន្ថែមថាលោក Steve Davis និង James Collins នឹងទទួលបន្ទុកដឹកនាំក្រុមបណ្ដោះអាសន្ន ហើយត្រូវប៉ះជាមួយតោខៀវ Chelsea ក្នុងការប្រកួតបន្ទាប់។

Wolves បានចំណាយប្រាក់ 100 លានផោនលើការចុះហត្ថលេខាកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ ខណៈដែលលោក Bruno Lage កំពុងសម្លឹងមើលការកែប្រែក្រុមរបស់គាត់ឲ្យខ្លាំងឡើងវិញ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ លែងមានឱកាសបន្តទៀតហើយ។ Bruno Lage បានដឹកនាំ Wolves សរុបរយៈពេលត្រឹមតែ 15 ខែប៉ុណ្ណោះ។

ប្រភព: Dailypost NG
