បាល់ទាត់អន្តរជាតិ
Arsenal កំពុងព្រួយបារម្ភខ្លាច Bukayo Saka ព្រមផ្ទេរទៅ Manchester City

ក្លឹបកាំភ្លើងធំ Arsenal កំពុងព្យាយាមជម្រុញឲ្យ Bukayo Saka ចុះហត្ថលេខាលើកុងត្រាថ្មី ខណៈដែលពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយការដេញតាមប្រមាញ់របស់ក្លឹបមេឃខៀវ Manchester City ទៅលើកីឡាករឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។
កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករវ័យ 21 ឆ្នាំ Bukayo Saka នឹងត្រូវផុតកំណត់នៅឆ្នាំ 2024 ហើយ Arsenal កំពុងជាប់គាំងក្នុងការពិភាក្សាបន្តកុងត្រាថ្មីបន្ថែមជាមួយ Bukayo Saka និងអ្នកតំណាងរបស់គាត់។ ជាមួយគ្នានេះដែរ កាលពីខែកញ្ញាកន្លងទៅ ក្លឹបកាំភ្លើងធំបានបើកកិច្ចពិភាក្សាជាមួយ Saka រួមជាមួយនឹង Gabriel Martinelli និង William Saliba ម្ដងរួចមកហើយ ប៉ុន្តែមិនទទួលបានផ្លែផ្កាចេញពីកីឡាករទាំងបីរូបនេះនៅឡើយទេ។
យ៉ាងណាមិញបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធស្លាប Bukayo Saka បានដើរតួយ៉ាងសំខាន់ក្នុងការជួយឲ្យក្លឹបកាំភ្លើងធំ Arsenal មានទម្រង់លេងល្អប្រសើរ និងខ្លាំងក្លាឡើងវិញ ក្រោមការដឹកនាំរបស់លោក Mikel Arteta នៅរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ ប្រភពជិតស្និទ្ធមួយបានបង្ហើបឲ្យដឹងថា ក្លឹប Manchester City កំពុងព្យាយាមយ៉ាងសកម្ម ដើម្បីបញ្ចុះបញ្ចូល Bukayo Saka ឲ្យចុះហត្ថលេខាផ្ទេរមក Etihad Stadium ហើយពួកគេជឿជាក់ថា ខ្សែប្រយុទ្ធស្លាបរូបនេះនឹងមានអនាគតត្រចះត្រចង់ក្លឹបនៅពេលខាងមុខ។
ប្រភព: 90 Min