បាល់ទាត់អន្តរជាតិ
Xavi ប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យឈប់និយាយរឿង Messi ត្រឡប់ទៅ Barcelona

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់ការភ្ជាប់ Lionel Messi ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹបចាស់វិញ ដោយលើកឡើងថា ពួកគេគួរតែទុកឲ្យ Messi ស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ជាមួយក្លឹបយក្សបារាំង PSG។
យ៉ាងណាមិញ Lionel Messi បានចាកចេញពី Barcelona នៅរដូវក្តៅឆ្នាំ 2021 បន្ទាប់ពីកុងត្រារបស់គាត់បានផុតកំណត់ ហើយក្លឹបមិនអាចផ្តល់ឲ្យគាត់នូវកុងត្រាថ្មីបាន ដោយសារតែការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីនោះមក គាត់បានចុះហត្ថលេខាជាមួយក្លឹបថ្មី Paris Saint-Germain លើការផ្ទេរដោយគ្មានតម្លៃខ្លួន។
ប៉ុន្តែចាប់តាំងពីបានមកដល់ប្រទេសបារាំង Lionel Messi ត្រូវបានគេនិយាយមិនចេះចប់មិនចេះហើយពីការត្រឡប់ទៅអតីតក្លឹបចាស់ Barcelona វិញ។ ដូចគ្នានេះដែរថ្មីៗនេះ នៅមុនពេលនៃការប្រកួត UEFA Champions League របស់ Barcelona និង Inter Milan លោក Xavi Hernandez ត្រូវបានគេសួរម្តងទៀតអំពីអនាគតរបស់ Messi ដែលអាចត្រឡប់មកក្លឹបយក្សនៅកាតាឡាន់វិញ រឺយ៉ាងណា?
ដោយឡែក Xavi Hernandez បានឆ្លើយតបថា៖ “សម្រាប់ Messi យើងមានតែចាំមើល ប៉ុន្តែវាមិនមែនជាពេលដែលត្រូវនិយាយអំពីរឿងនេះនៅពេលនេះទេ។ អ្នកដឹងពីសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះគាត់ គាត់គឺជាមិត្តម្នាក់ ហើយខ្ញុំតែងតែប៉ងប្រាថ្នាឲ្យគាត់ល្អបំផុត។ Barcelona គឺជាផ្ទះរបស់គាត់ ប៉ុន្តែយើងមិននិយាយអំពីអនាគតរបស់គាត់នោះទេ។ យើងគួរផ្ដល់ឲ្យគាត់នូវភាពស្ងប់ស្ងាត់ ដើម្បីរីករាយនឹងពេលវេលារបស់គាត់នៅទីក្រុងប៉ារីស ហើយសូមជូនពរគាត់ឲ្យមានភាពជោគជ័យ”។
ប្រភព: 90 Min