បាល់ទាត់អន្តរជាតិ
មុនជួបគ្នារំលងអាធ្រាតនេះ Koulibaly សរសើរ Giroud ថាជាខ្សែប្រយុទ្ធដែលពិបាកបិទ

អតីតខ្សែប្រយុទ្ធក្លឹបតោខៀវ Chelsea គឺកីឡាករ Olivier Giroud នឹងត្រឡប់ទៅកាន់កីឡដ្ឋាន Stamford Bridge វិញ ខណៈដែលក្លឹប AC Milan ត្រូវធ្វើដំណើរទៅភាគខាងលិចទីក្រុងឡុងដ៍ ដើម្បីធ្វើការប្រកួតក្របខណ្ឌ UEFA Champions League ជាលើកទីបីរបស់ពួកគេ។
យ៉ាងណាមិញកីឡាករសញ្ជាតិបារាំង Olivier Giroud បានចំណាយពេល 4 ឆ្នាំជាមួយក្លឹបតោខៀវ Chelsea ដោយស៊ុតបញ្ចូលទីបាន 39 គ្រាប់ ក្នុងការបង្ហាញខ្លួន 119 ប្រកួតសម្រាប់ក្លឹបតោខៀវ មុនពេលចាកចេញទៅចូលរួមជាមួយ AC Milan កាលពីឆ្នាំមុន។
ដូចគ្នានេះដែរ Giroud បានរីករាយនឹងការចាប់ផ្តើមដ៏ភ្លឺស្វាងនៃរដូវកាលនេះ ដោយរកបាន 6 គ្រាប់ ក្នុងការបង្ហាញខ្លួន 10 លើកចុងក្រោយរបស់គាត់។ ដោយឡែក Koulibaly ធ្លាប់បានលេងតទល់ជាមួយ Giroud ខណៈពេលដែលគាត់នៅជាកីឡាកររបស់ Napoli កាលពីរដូវកាលមុន ហើយនិយាយថា Olivier Giroud គឺជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ និងអាចរកគ្រាប់បាល់បានពីគ្រប់ទីកន្លែង។
មុនជួបគ្នានៅម៉ោង 2:00 រំលងអាធ្រាតនេះ Koulibaly បាននិយាយថា៖ “គាត់ (Giroud) ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ អ្នកត្រូវតាមដានគាត់ជានិច្ច ព្រោះគាត់អាចរកគ្រាប់បាល់បានពីគ្រប់ទិសទី។ វានឹងពិបាកសម្រាប់ខ្សែការពារនៅថ្ងៃស្អែក ប៉ុន្តែយើងបានត្រៀមខ្លួនរួចជាស្រេច។ វាសំខាន់ដែលគាត់មិនបានស៊ុតបញ្ចូលទី ហើយ Chelsea ឈ្នះការប្រកួតនេះ”។
ប្រភព: Metro