បាល់ទាត់អន្តរជាតិ
Jamie Carragher លើកឡើងថា Messi ល្អជាងកីឡាករណាៗទាំងអស់រួមទាំង Pele, Johan Cruyff និង Maradona

វីរបុរសរបស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានចាត់ទុកតារាឆ្នើម Lionel Messi របស់ក្លឹប Paris Saint-Germain ជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់មានក្នុងពិភពបាល់ទាត់។ Carragher បាននិយាយបែបនេះ ខណៈដែល Messi រកបានមួយគ្រាប់ ក្នុងការប្រកួត UEFA Champions League របស់ PSG ក្នុងលទ្ធផល 1-1 ទល់នឹង Benfica កាលពីរំលងអាធ្រាតយប់មិញនេះ។
អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Jamie Carragher យល់ថា Lionel Messi ស្ថិតក្នុងចំណាត់ថ្នាក់នាំមុខកីឡាករល្អៗជាច្រើនទៀតក្នុងពិភពបាល់ទាត់ដែលមានដូចជា Pele, Johan Cruyff និង Diego Maradona។
ដូចគ្នានេះដែរ Lionel Messi បានចាប់ផ្តើមរដូវកាលដ៏អស្ចារ្យជាមួយ PSG នៅរដូវកាលនេះ ដោយរកបានគ្រាប់បាល់ 8 គ្រាប់ និងបញ្ជូនបាល់ (Assists) ជាច្រើនទៀតក្នុងការបង្ហាញខ្លួន 13 ប្រកួតរបស់ខ្លួន។ បន្ថែមពីនោះ Messi ជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលនឹងដឹកនាំប្រទេសរបស់គាត់ ទៅកាន់ការប្រកួត FIFA World Cup ឆ្នាំ 2022 នៅកាតាចុងឆ្នាំនេះផងដែរ។
Carragher បាននិយាយតាមរយៈ CBS Sports Golazo ថា៖ “គាត់ (Messi) គឺជាកីឡាករល្អបំផុតដែលយើងបានឃើញ។ ពីមុនមកមានកីឡាករដ៏អស្ចារ្យជាច្រើន ជាក់ស្តែងដូចជា Pele, Johan Cruyff និង Maradona។ ប៉ុន្តែខ្ញុំអាចនិយាយបានថា Lionel Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងពិភពបាល់ទាត់”។
លោកបានបន្ថែមថា៖ “ប្រហែលគាត់មិនមែនស្ថិតក្នុងក្រសែភ្នែករបស់អ្នករាល់គ្នាទេ ព្រោះស្ទើរតែគ្រប់គ្នាយល់ថា គាត់ត្រូវតែឈ្នះ World Cup។ សម្រាប់ខ្ញុំ ខ្ញុំមិនទាមទារអ្វីផ្សេងទៀតទេ សម្រាប់កីឡាករអាហ្សង់ទីន Lionel Messi រឺទាមទារការឈ្នះ World Cup”…។
ប្រភព: Dailypost NG