បាល់ទាត់អន្តរជាតិ
គ្រូបង្វឹក និងកីឡាកររបស់ PSG ច្រានចោលពាក្យចចាមអារ៉ាមពីការចាកចេញរបស់ Kylian Mbappe

គ្រូបង្វឹករបស់ក្លឹប Paris Saint-Germain លោក Christophe Galtier និងខ្សែការពារ Sergio Ramos ក៏ដូចជា Achraf Hakimi សុទ្ធតែបានច្រានចោលពាក្យចចាមអារ៉ាមដែលទាក់ទងនឹង Kylian Mbappe ជាមួយនឹងរឿងរ៉ាវនៃការចាកចេញពីក្លឹប។
មុនពេល PSG ប្រកួតស្មើ 1-1 ជាមួយ Benfica ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីរំលឹងអាធ្រាតយប់មិញនេះ មានរបាយការណ៍ជាច្រើនបានលេចឡើងដោយអះអាងថា Mbappe ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនក្នុងខែមករាឆ្នាំក្រោយនេះ។
យ៉ាងណាមិញ កីឡាករវ័យ 23 ឆ្នាំរូបនេះទើបតែបានចុះកុងត្រាថ្មីរយៈពេល 3 ឆ្នាំជាមួយក្លឹប PSG កាលពីរដូវក្តៅកន្លងទៅ ដោយសុខចិត្តបដិសេធការផ្ទេរទៅចូលរួមជាមួយក្លឹប Real Madrid និង Liverpool ដែលជាក្លឹបចាប់អារម្មណ៍ចង់បានគាត់។
ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Mbappe ត្រូវបានគេចោទប្រកាន់ថា គាត់មានកំហុសដោយយល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មីរហូតដល់ឆ្នាំ 2025 ជាមួយក្លឹប PSG ហើយត្រូវបានគេសង្កេតឃើញថា ខ្សែប្រយុទ្ធឆ្នើមរូបនេះមិនសប្បាយចិត្តជាមួយក្លឹប ក៏ដូចជាក្នុងប្រព័ន្ធដឹកនាំរបស់លោក Galtier។
ទោះជាយ៉ាងណា ថ្លែងទៅកាន់ RMC Sport មុនការប្រកួតជាមួយ Benfica លោក Galtier បាននិយាយថា៖ “យើងទាំងអស់គ្នាផ្តោតទៅលើគោលដៅ និងលើការប្រកួត។ ពាក្យចចាមអារ៉ាមក្លាយជាព័ត៌មានមួយ ហើយព័ត៌មានមួយបានក្លាយទៅជាសេចក្តីថ្លែងការណ៍មួយ។ ខ្ញុំឃើញថា វាគួរឲ្យភ្ញាក់ផ្អើលណាស់ ក្នុងពេលពីរបីម៉ោងមុនការប្រកួតដ៏សំខាន់នេះ”។
ប្រភព: Sportsmole