បាល់ទាត់អន្តរជាតិ
Real Madrid មិនមានគម្រោងចង់បាន Kylian Mbappe បន្តទៀតឡើយ

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថា មិនមានគម្រោងក្នុងការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ចំពោះខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe នោះទេ។
កាលពីដើមឆ្នាំកន្លងមកក្លឹប Real Madrid បានធ្វើការយ៉ាងនឿយហត់ដើម្បីព្យាយាមនាំយកកីឡាករវ័យ 23 ឆ្នាំរូបនេះមកកាន់ Bernabeu ប៉ុន្តែទីបំផុតគាត់បានចុះកុងត្រាថ្មីរយៈពេល 3 ឆ្នាំជាមួយ PSG ដែលជាក្លឹបម្ចាស់ជើងឯក Ligue 1។
យ៉ាងណាមិញ Kylian Mbappe បានចាប់ផ្តើមរដូវកាលឆ្នាំ 2022-23 នេះក្នុងទម្រង់លេងល្អគួរសមក្រោមការដឹកនាំរបស់លោក Christophe Galtier ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ ក្នុងការបង្ហាញខ្លួន 13 ប្រកួតនៅគ្រប់ក្របខណ្ឌទាំងអស់របស់ក្លឹប។
ដោយឡែករបាយការណ៍ជាច្រើនបានលើកឡើងថា Mbappe កំពុងមានអារម្មណ៍ថាគាត់បានធ្វើខុសដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Parc des Princes ហើយគាត់នឹងព្យាយាមចាកចេញពីក្លឹបនៅខែមករាឆ្នាំ 2023។
Kylian Mbappe បានចោទប្រកាន់ក្លឹបរបស់ខ្លួនថា ក្បត់នឹងសន្យាជាមួយគាត់ ទាក់ទងនឹងការដាក់ឲ្យគាត់លេងបានទៀងទាត់ជានិច្ចក្រោមការដឹកនាំរបស់លោក Christophe Galtier និងបន្ថែមឥទ្ធិពលរបស់គាត់នៅ Parc des Princes។
យោងទៅតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ក្រុមរបស់លោក Carlo Ancelotti មិនមានបំណងចង់ចូលរួមក្នុងការប្រជែងចង់បានលើខ្សែប្រយុទ្ធរូបនោះទៀតឡើយ។ ស្របពេលជាមួយគ្នានេះដែរ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេមើលឃើញថា ចាប់អារម្មណ៍ចង់បាន Mbappe ប៉ុន្តែបើតាមភាពជាក់ស្ដែងក្លឹបហង្សក្រហមប្រហែលជាមិនព្យាយាមផ្ទេរកីឡាករសញ្ជាតិបារាំងនោះទេ បន្ទាប់ពីពួកគេបានចំណាយប្រាក់យ៉ាងច្រើនទៅលើ Darwin Nunez។
ប្រភព: Sportsmole