បាល់ទាត់អន្តរជាតិ
Jorginho ចង់បន្តកុងត្រាថ្មីជាមួយតោខៀវ ដោយមិនខ្វល់ពីការចាប់អារម្មណ៍របស់ Barcelona

ខ្សែបម្រើឆ្នើម Jorginho ចង់ចុះកុងត្រាថ្មីជាមួយក្លឹបតោខៀវ Chelsea បើទោះបីជាគាត់កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹបអ្នកមានបុណ្យ Barcelona នៅពេលថ្មីៗនេះក៏ដោយ នេះបើយោងតាមភ្នាក់ងាររបស់កីឡាកររូបនេះបានលើកឡើង។
កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 30 ឆ្នាំ Jorginho នៅ Stamford Bridge នឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 ដែលមានន័យថា នៅពេលនោះគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន និងអាចមានសេរីភាពក្នុងការចាកចេញទៅក្លឹបផ្សេងបាន។
លោក Joao Santos ដែលជាអ្នកតំណាងរបស់ Jorginho បាននិយាយថា អាទិភាពដំបូងរបស់ខ្សែបម្រើរូបនេះគឺការចរចាកុងត្រាថ្មីជាមួយ Chelsea។ Joao Santos បានប្រាប់ផងដែរថា Jorginho ក៏មានការពិភាក្សាជាមួយក្លឹបផ្សេងទៀតដូចជា Barcelona, Lyon និង Valencia អំពីការផ្ទេរនៅពេលកុងត្រាផុតកំណត់ផងដែរ។
យ៉ាងណាមិញ Barcelona ត្រូវបានគេរំពឹងថា នឹងព្យាយាមទាក់ទាញខ្សែបម្រើកណ្តាលរូបនេះ នៅរដូវក្តៅឆ្នាំក្រោយ ដើម្បីមកជំនួសតំណែងរបស់ Sergio Busquets ខណៈដែលខ្សែបម្រើចាស់វស្សារូបនេះ ត្រៀមចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅពេលផុតកុងត្រា។
ប្រភព: Sportsmole