បាល់ទាត់អន្តរជាតិ
Jurgen Klopp លើកឡើងថា Manchester City, PSG និង Newcastle ជាក្លឹបដែលអាងទៅលើទឹកលុយ

អ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានចង្អុលបង្ហាញពីភាពខុសគ្នាដ៏ធំនៃទ្រព្យសម្បត្តិដែលក្លឹបរបស់ខ្លួនមាន ដែលខុសគ្នាពីទ្រព្យសម្បត្តិរបស់ក្លឹប Manchester City, Paris Saint-Germain (PSG) និង Newcastle United។
ដូចគ្នានេះដែរ ក្លឹបហង្សក្រហមគឺជាគូប្រជែងដ៏ធំបំផុតមួយជាមួយ Manchester City ក្នុងរយៈពេល 5 រដូវកាលចុងក្រោយនេះ ហើយក្នុង 5 រដូវកាលនោះពួកគេក៏ធ្លាប់ដណ្ដើមការឈ្នះពាន Premier League ពី Manchester City ម្ដងផងដែរ នៅក្នុងរដូវកាលឆ្នាំ 2019-2020។ ពួកគេបានបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខពីរដោយចាញ់ Manchester City ត្រឹមមួយពិន្ទុប៉ុណ្ណោះនៅរដូវកាលឆ្នាំ 2018-2019 និង 2021-2022។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Liverpool ហាក់ដូចជាមានគម្លាតយ៉ាងឆ្ងាយពី Manchester City ដោយចាញ់ក្រុមរបស់លោក Pep Guardiola រហូតដល់ 13 ពិន្ទុ ខណៈដែលពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 10 ក្នុងតារាង Premier League ដែលមានត្រឹមតែ 10 ពិន្ទុប៉ុណ្ណោះ ក្នុងការឆ្លងកាត់ចំនួន 8 ប្រកួតកន្លងមក។
យ៉ាងណាមិញ Liverpool នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជាមួយក្លឹប Manchester City នៅថ្ងៃស្អែកនេះ ដែលជាការប្រកួតសន្សំពិន្ទុសម្រាប់ក្របខណ្ឌ Premier League។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ Jurgen Klopp លើកឡើងថា Manchester City គឺជាក្រុមខ្លាំង ហើយមិនមានក្លឹបណាមួយអាចធ្វើដូចពួកគេបានឡើយ។
Jurgen Klopp បានបន្ថែមទៀតថា មានក្លឹបចំនួនបីនៅក្នុងពិភពបាល់ទាត់ ដែលជាក្លឹបមានហិរញ្ញវត្ថុខ្លាំង ដែលក្នុងនោះមានដូចជា Manchester City, PSG និង Newcastle ហើយសូម្បីតែច្បាប់ក៏មិនអាចហាមឃាត់ពួកគេបានដែរ ព្រោះច្បាប់គ្រាន់តែជាច្បាប់ប៉ុណ្ណោះ។
ប្រភព: Sportsmole