បាល់ទាត់អន្តរជាតិ
Lukaku នឹងអវត្តមានការប្រកួតជើងទីពីរជាមួយ Real Madrid ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea នឹងមិនធ្វើដំណើរទៅកាន់ទឹកដី Santiago Bernabeu របស់ក្លឹប Real Madrid ឡើយ សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League ជើងទីពីររបស់ពួកគេ។
Romelu Lukaku ក៏បានអវត្តមានក្នុងការប្រកួតមុនរួចមកហើយ ពេលដែលតោខៀវប៉ះនឹង Southampton ជាមួយនឹងជ័យជម្នះ 6-0 កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈដែលគ្រូបង្វឹកលោក Thomas Tuchel បានឲ្យដឹងថា កីឡាករវ័យ 28 ឆ្នាំរូបនេះ កំពុងមានបញ្ហារបួសមិនទាន់ជានៅឡើយ។
ដោយឡែកប្រធានក្រុម Cesar Azpilicueta ក៏បានខកខានការប្រកួតកាលពីថ្ងៃសៅរ៍ផងដែរ ពេលប៉ះ Southampton ដោយកីឡាកររូបនេះបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ប៉ុន្តែនឹងអាចជាសះស្បើយមុនការប្រកួតមកដល់ ហើយអាចចូលលេងបានសម្រាប់ការប្រកួតនៅថ្ងៃពុធខាងមុខនេះ។
គួររំលឹកផងដែរថា ក្លឹបតោខៀវ Chelsea បានចាញ់ក្រោមថ្វីជើងរបស់ Real Madrid កាលពីជើងទីមួយ កាលពីសប្តាហ៍មុនក្នុងលទ្ធផល 3 ទល់នឹង 1 នៅកីឡដ្ឋាន Stamford Bridge ដែលខ្លួនជាម្ចាស់ផ្ទះ។
ប្រភព: Daily Mail