បាល់ទាត់អន្តរជាតិ
Kylian Mbappe ចោទ PSG ថាក្បត់សន្យា ដោយមិនបានចុះហត្ថលេខាលើកីឡាករ 3 រូបនេះ

ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe បានចោទប្រកាន់ក្លឹបរបស់ខ្លួនថា បានក្បត់សន្យាដោយមិនអាចនាំយក Robert Lewandowski, Milan Skriniar និង Bernardo Silva ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានសម្រេចចិត្តបន្តកុងត្រាថ្មី រយៈពេល 3 ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកលីគបារាំងកាលពីដើមឆ្នាំ ប៉ុន្តែថ្មីៗនេះ Kylian Mbappe ត្រូវបានគេគិតថា កំពុងព្យាយាមចង់ចាកចេញនៅមុនកុងត្រារបស់ខ្លួនត្រូវបញ្ចប់។
ដូចគ្នានេះដែរ Kylian Mbappe បានបដិសេធដោយមិនផ្ទេរទៅក្លឹបក្នុងក្ដីស្រមៃរបស់ខ្លួន Real Madrid ដើម្បីបន្តស្នាក់នៅទីក្រុងប៉ារីស។ ដូចគ្នានេះដែរ ដើម្បីបញ្ចុះបញ្ចូល Mbappe ឲ្យបន្តកុងត្រាថ្មី PSG ក៏បានដាក់សន្យាមួយចំនួនដើម្បីផ្គាប់ចិត្តគាត់ផងដែរ។ យ៉ាងណាមកទល់នឹងពេលនេះ ក្រុមប្រឹក្សាភិបាល PSG ហាក់ដូចជាមិនធ្វើតាមសន្យារបស់ខ្លួនឡើយ រហូតដល់ Mbappe គិតថា ពួកគេបានក្បត់នឹងគាត់។
ឥទ្ធិពលរបស់ Mbappe នៅ Parc des Princes និងនៅក្នុងក្រុមក្រោមការដឹកនាំរបស់លោក Christophe Galtier ត្រូវបានគេយល់ថា ជាការខកចិត្តខ្លះៗសម្រាប់គាត់ និងមានផ្នែកមួយផ្សេងទៀត គឺការបរាជ័យរបស់ PSG ដោយមិនអាចចុះហត្ថលេខាលើកីឡាករដែល Mbappe ចង់បាន។
យោងតាមអ្នកកាសែត Romain Molina ដែលបានលើកឡើងតាមរយៈ GFFN បានឲ្យដឹងថា PSG បានសន្យាជាមួយ Mbappe ថាក្លឹបនឹងចុះហត្ថលេខាលើ Lewandowski, Bernardo Silva និង Skriniar នៅអំឡុងពេលនៃការពិភាក្សាអំពីកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធរូបនេះ។ យ៉ាងណា គ្មានកីឡាករណាម្នាក់ក្នុងចំណោមកីឡាករទាំងបីរូបនេះផ្ទេរមក PSG ឡើយ ដោយផ្ទុយមកវិញលោក Christophe Galtier និងលោក Luis Campos បែរជានាំយក Renato Sanches, Vitinha, Carlos Soler, Fabian Ruiz, Nordi Mukiele និង Hugo Ekitike ទៅវិញ។
ប្រភព: Sportsmole