បាល់ទាត់អន្តរជាតិ
Reece James នឹងអវត្តមានពីការប្រកួត World Cup 2022 នៅប្រទេសកាតា
ខ្សែការពារស្តាំរបស់ក្លឹបតោខៀវ Chelsea និងជាកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស Reece James ត្រូវបានគេរាយការណ៍ឲ្យដឹងថា នឹងខកខានការប្រកួត World Cup ឆ្នាំ 2022 ចុងឆ្នាំនេះ បន្ទាប់ពីបានពិនិត្យឃើញថា មានបញ្ហារបួសជង្គង់ ដែលតម្រូវឲ្យសម្រាកពីទីលានប្រកួតរយៈពេល 8 សប្តាហ៍។
ដោយឡែកកីឡាករវ័យ 22 ឆ្នាំរូបនេះ ទទួលរងនូវបញ្ហារបួសក្នុងការប្រកួតជ័យជម្នះ 2-0 នៃក្របខណ្ឌ UEFA Champions League របស់ក្លឹបតោខៀវជាមួយក្លឹបមកពីអ៊ីតាលី AC Milan កាលពីដើមសប្តាហ៍នេះ។
គ្រប់គ្នាហាក់ដូចជាមានការព្រួយបារម្ភខ្លាំងបន្ទាប់ពី Reece James បានចាកចេញពីការប្រកួតត្រឹមនាទី 62។ យ៉ាងណាអ្វីៗពិតជាដូចការព្រួយបារម្ភមែន ហើយគាត់នឹងមិនមានឈ្មោះជាមួយក្រុមជម្រើសអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំនេះឡើយ ដោយលោក Gareth Southgate ត្រូវជ្រើសរើសខ្សែការពារស្តាំម្នាក់ទៀតដើម្បីមកលេងនៅកន្លែងរបស់ Reece James។
ក្រុមជម្រើសជាតិអង់គ្លេសនឹងចាប់ផ្តើមការប្រកួតបើកឆាក World Cup ដំបូងរបស់ពួកគេនៅថ្ងៃទី 21 ខែវិច្ឆិកា ដែលនឹងត្រូវប៉ះក្រុមជម្រើសជាតិអ៊ីរ៉ង់ក្នុងពូល B។ ដូចគ្នានេះដែរ ក្រុមជម្រើសជាតិអង់គ្លេសនៅមានខ្សែការពារស្តាំ Kyle Walker និង Trent Alexander-Arnold ប៉ុន្តែអ្នកទាំងពីរក៏របួសផងដែរ ដោយ Kyle Walker ត្រូវវះកាត់ក្រលៀន ខណៈដែល Alexander-Arnold មានបញ្ហាកជើង។
ប្រភព: Sportsmole