បាល់ទាត់អន្តរជាតិ
Patrice Evra លើកឡើងថា អ្នកស្អប់ Cristiano Ronaldo ដោយសារការច្រណែន និងគាំទ្រងប់ងល់ខ្លាំងទៅលើ Messi

អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Patrice Evra បានចាត់ទុកការរិះគន់ទៅលើកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ថាជាការច្រណែន និងកើតចេញពីការគាំទ្រដ៏ងប់ងល់ខ្លាំងចំពោះ Lionel Messi។
ដោយឡែក Cristiano Ronaldo ដែលបច្ចុប្បន្នមានវ័យ 37 ឆ្នាំ បានក្លាយជាកីឡាករដ៏លេចធ្លោរបំផុតអស់រយៈពេល 2 ទសវត្សរ៍មកហើយ។ ចាប់តាំងពីការបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់ដំបូងរបស់គាត់ក្នុងឆ្នាំ 2002 មកទល់នឹងពេលនេះ គាត់បានលើកពានរង្វាន់ដ៏អស្ចារ្យសរុបចំនួន 32 សម្រាប់ក្លឹប និងប្រទេស។ គាត់បានស៊ុតបញ្ចូលទី 700 គ្រាប់ ក្នុងការបង្ហាញខ្លួន 943 ប្រកួតនៅក្លឹបផ្សេងៗគ្នាដូចជា Real Madrid, Manchester United, Juventus និង Sporting CP។
Cristiano Ronaldo ក៏ជាម្ចាស់ពានរង្វាន់ Ballon d’Or 5 សម័យកាល និងជាកីឡាករដែលស្ថិតក្នុងកំណត់ត្រាឈ្នះពាន UEFA Champions League ចំនួន 5 ដងផងដែរ។ ទាំងនេះបានធ្វើឲ្យ Patrice Evra មានការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធរូបនេះ និងបានហៅ Cristiano Ronaldo ជាមនុស្សមកពីក្រៅភពទៀតផង។
និយាយទៅកាន់ Betfair លោក Patrice Evra បានប្រាប់ថា៖ “នៅពេលអ្នកមិនគោរព Cristiano Ronaldo វាគឺដោយសារតែអ្នកច្រណែន រឺអ្នកជាអ្នកគាំទ្រ Messi។ ខ្ញុំយល់ពីរឿងនេះហើយ វាមិនមែនជាបញ្ហាទេ។ ប៉ុន្តែ Cristiano Ronaldo ពិតជាអស្ចារ្យ ដូចមនុស្សមកពីភពផ្សេង។ ប្រសិនបើយើងជិះយានអវកាស ទៅឋានព្រះច័ន្ទ នោះយើងនឹងឃើញ Cristiano Ronaldo នៅទីនោះ។ ពេលយើងចូលគេង គាត់នឹងទៅនៅឋានព្រះច័ន្ទ ព្រោះគាត់ជាមនុស្សក្រៅភព”។
ប្រភព: Sportskeeda