បាល់ទាត់អន្តរជាតិ
លេចលឺដំណឹងថា Manchester City ចង់ចុះហត្ថលេខាលើ Kai Havertz

ក្លឹបអ្នកមាន Manchester City ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Kai Havertz។
ដោយឡែកកីឡាករវ័យ 23 ឆ្នាំរូបនេះបានបង្កើតនូវអនុស្សាវរីយ៍ល្អៗជាច្រើន ក្នុងរយៈពេល 2 ឆ្នាំកន្លះរបស់គាត់នៅ Stamford Bridge ជាពិសេសអ្វីដែលអ្នកគាំទ្រចងចាំមិនភ្លេចនោះ គឺជាការស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះមួយគ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលឆ្នាំ 2020-2021 ទៅលើក្លឹប Manchester City។
គិតចាប់តាំងពីការផ្ទេរមកតោខៀវ Chelsea មក Kai Havertz ស៊ុតបញ្ចូលទីសរុបបាន 25 គ្រាប់ និង 14 Assists ក្នុងការបង្ហាញខ្លួន 105 ប្រកួតនៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ ហាក់ដូចជាមិនដូចកាលពីមុនឡើយ។
ជាការពិតណាស់ Kai Havertz បានបង្ហាញខ្លួនក្នុងជម្រើសដំបូងចំនួន 11 ប្រកួត ក្នុងចំណោម 14 ប្រកួតរបស់គាត់នៅរដូវកាលនេះ ប៉ុន្តែគាត់ទើបតែរកគ្រាប់បាល់បាន 2 គ្រាប់ប៉ុណ្ណោះដោយស៊ុតបញ្ចូលទីក្នុងការប្រកួតនៅ Premier League ទៅលើ West Ham United និង Wolverhampton Wanderers។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ អ្នកកាសែត Simon Phillips បានអះអាងថា Kai Havertz បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Manchester City។ ជាមួយគ្នានេះដែរ Havertz ផ្ទាល់ក៏ហាក់ដូចជាពិចារណាលើរឿងនេះដែរ ខណៈដែលបច្ចុប្បន្នគ្រូបង្វឹកថ្មីលោក Graham Potter បានចាត់ទុកគាត់ជាជម្រើសប្រជែងតំណែងជាមួយ Pierre-Emerick Aubameyang, Raheem Sterling និង Armando Broja។
ប្រភព: Sportsmole