បាល់ទាត់អន្តរជាតិ
PSG កំពុងត្រៀមបញ្ចុះបញ្ចូល Messi ឲ្យបន្តកុងត្រាថ្មី

ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមចងជើង Lionel Messi មិនឲ្យចាកចេញ ដោយចុះកុងត្រាថ្មីបន្ថែមទៀតនៅ Parc des Princes។ ដោយឡែកម្ចាស់ពាន Ballon d’Or ប្រាំពីរសម័យរូបនេះ នឹងផុតកំណត់កុងត្រារបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
Paris Saint-Germain អាចមានជម្រើសក្នុងការបន្តកុងត្រាជាមួយ Lionel Messi រយៈពេល 12 ខែបន្ថែមទៀតរហូតដល់រដូវក្តៅឆ្នាំ 2024។ ទោះជាយ៉ាងណា រដូវកាលដំបូងរបស់ Lionel Messi មានទម្រង់លេងមិនសូវល្អឡើយនៅក្លឹប PSG ហើយធ្វើឲ្យមានពាក្យចចាមអារ៉ាមថា គាត់នឹងវិលត្រឡប់ទៅកាន់ទឹកដី Camp Nou ដែលជាក្លឹបចាស់របស់ខ្លួនវិញ។
ទាំង Xavi Hernandez និងប្រធានក្លឹបលោក Joan Laporta សុទ្ធតែបានពិភាក្សាគ្នាអំពីលទ្ធភាពដែលអាចនាំយក Lionel Messi មក Barcelona ខណៈដែលអនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្លឹបលោក Eduard Romeu បានអះអាងថា ពួកគេមានលទ្ធភាពគ្រប់គ្រាន់លើផ្នែកហិរញ្ញវត្ថុ។
យោងតាមសារព័ត៌មាន Le Parisien បានឲ្យដឹងថា ក្លឹបម្ចាស់ជើងឯក Ligue 1 ពេលនេះត្រៀមចរចាលើកុងត្រាថ្មីជាមួយកីឡាករវ័យ 35 ឆ្នាំ Lionel Messi ខណៈដែលប្រធានក្លឹបរបស់ពួកគេក៏មានការពេញចិត្តយ៉ាងខ្លាំងចំពោះការសមត្ថភាពក្នុងការហ្វឹកហាត់ និងនៅលើទីលានរបស់ Messi ដែរ។
របាយការណ៍ដដែលនេះក៏បានអះអាងទៀតថា ប្រធានក្លឹបលោក Nasser Al-Khelaifi ចាត់ទុក Lionel Messi ជាមនុស្សម្នាក់ដែលផ្ដល់ភាពរីករាយដល់ក្លឹប និងងាយស្រួលក្នុងការសហការជាមួយ ហើយទីប្រឹក្សាបាល់ទាត់របស់ក្លឹបលោក Luis Campos ក៏មានទស្សនៈដូចគ្នានេះដែរ។
ប្រភព: Sportsmole