Connect with us

បាល់ទាត់អន្តរជាតិ

De Jong នឹង​មិន​ចាកចេញ​ពី Barcelona ឡើយ បើ​ទោះ​បី​ជា​អស់​ឱកាស​លេង​ពាន UCL ក៏​ដោយ

Published

on

ខ្សែបម្រើ​ឆ្នើម Frenkie de Jong ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​មាន​បំណង​ចង់​ចាកចេញ​ពី Barcelona នៅ​ខែ​មករា ដើម​ឆ្នាំ 2023 ​នេះ​ឡើយ បើ​ទោះ​បី​ជា​ស្ថានភាព​បច្ចុប្បន្ន​របស់​ក្លឹប បាន​អស់​ឱកាស​ក្នុង​ការ​លេង​ពាន UEFA Champions League ក៏​ដោយ។

កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ចាកចេញ​ពី​ទឹកដី Camp Nou នៅ​រដូវក្តៅ​នេះ និង​ចូលរួម​ជា​មួយ​ក្លឹប​បិសាចក្រហម Manchester United។ ដូចគ្នា​នេះ​ដែរ ក្លឹប​បិសាចក្រហម​ពិត​ជា​បាន​តាម​ព្យាយាម​លួងលោម​គាត់ អស់​រយៈពេល​ជា​យូរ​មក​ហើយ។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ វា​គឺ​ជា​បំណង​ធំ​របស់​លោក Erik ten Hag។

យ៉ាង​ណា​មិញ De Jong នៅ​តែ​ព្យាយាម​បន្ត​រួមរស់​នៅ​ជា​មួយ Barcelona ហើយ​គាត់​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​បន្ត​ទៀត​សម្រាប់​ក្លឹប​នៅ​រដូវកាល​នេះ ដោយ​បាន​បង្ហាញ​ខ្លួន​សរុប 15 ប្រកួត ក្រោម​ការ​ដឹកនាំ​របស់​លោក Xavier Hernandez។

ផ្ទុយ​មក​វិញ ប្រាក់​ឈ្នួល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ខ្សែបម្រើ​រូបនេះ កំពុង​បង្ក​បញ្ហា​ដល់​ក្លឹប ហើយ​ក្លឹប​នៅ​តែ​ចង់​លក់​គាត់​ចេញ។ ដូចគ្នា​នេះ​ដែរ សមត្ថភាព​របស់ De Jong ត្រូវ​បាន​គេ​គិត​ថា ប្រសិន​បើ​គាត់​ចាកចេញ​ទៅ​បិសាចក្រហម​នៅ​ខែ​មករា​ខាង​មុខ​នេះ នោះ​តម្លៃ​ផ្ទេរ​នឹង​ច្រើន​ជាង 70 លានផោន ហើយ​វា​ជា​អ្វី​ដែល​ក្លឹប Barcelona ចង់​បាន។

យោង​តាម​របាយការណ៍​ពី Sport បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​សំណើរ​ដ៏​ល្អ ស្ទើរ​តែ​មិន​អាច​ប្រកែក​បាន​ក៏ដោយ Frenkie de Jong មិនមាន​បំណង​ចរចា រឺ​ស្ដាប់​ហេតុផល​ណា​មួយ​ឡើយ ដោយ​គាត់​នៅ​តែ​រក្សា​គោលដំហរ​ស្នាក់​នៅ Barcelona បន្ត​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២