បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍លើខ្សែបម្រើរបស់ក្លឹប Newcastle ដែលមានតម្លៃជាង 100 លានអឺរ៉ូ

យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ Onefootball បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានក្លាយជាក្លឹបចុងក្រោយ ដែលថ្មីៗនេះពួកគេបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Bruno Guimaraes ខណៈដែលប្រភពច្បាស់ការណ៍ជាច្រើនបានលើកឡើងថា Newcastle នឹងលក់កីឡាកររូបនេះចេញក្នុងតម្លៃខ្ទង់ 115 លានអឺរ៉ូឯណោះ។
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Guimaraes ជាអតីតកីឡាកររបស់ក្លឹប Olympique Lyon ដែលបានផ្ទេរមកកាន់ទឹកដីអង់គ្លេសកាលពីដើមឆ្នាំនេះ ដែលបច្ចុប្បន្នបានក្លាយជាខ្សែបម្រើដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្លឹប Newcastle United។
នៅរដូវកាលនេះ Bruno Guimaraes បានបង្ហាញខ្លួន 11 ប្រកួតសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួន ដោយរកគ្រាប់បាល់បាន 2 គ្រាប់ និងបញ្ជូនបាល់ (Assists) បាន 2 ដង។ ខ្សែបម្រើវ័យ 24 ឆ្នាំរូបនេះ ក៏ធ្លាប់បានជាប់ជម្រើសជាតិរបស់ខ្លួនចំនួន 25 ដងរួចមកហើយ ហើយត្រៀមនឹងបង្ហាញខ្លួននៅ World Cup ឆ្នាំ 2022 នេះផងដែរ។
កន្លងមកមានក្លឹបជាច្រើនបានចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយ Bruno Guimaraes ហើយកីឡាកររូបនេះធ្លាប់បានបញ្ជាក់ថា ក្លឹបអធិរាជស Real Madrid ក៏ធ្លាប់ចាប់អារម្មណ៍លើរូបគាត់ដែរ។ ដូចគ្នានេះដែរ Bruno Guimaraes នៅមានកុងត្រាជាមួយក្លឹប Newcastle រហូតដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។
ប្រភព: Onefootball