Connect with us

បាល់ទាត់អន្តរជាតិ

Anthony Martial ត្រឡប់​ចូលទីលាន​ហ្វឹកហាត់​វិញ មុន​ពេល​ប៉ះ Real Sociedad

Published

on

ខ្សែ​ប្រយុទ្ធ Anthony Martial បាន​ត្រឡប់​មក​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​បិសាចក្រហម Manchester United ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​វិញ បន្ទាប់​ពី​បាន​ជា​សះស្បើយ​ពី​របួស មុន​ការ​ប្រកួត​ពាន​រង្វាន់ Europa League ដែល​ត្រូវ​ប៉ះ​ជា​មួយ​ក្លឹប​មក​ពី​អេស្ប៉ាញ Real Sociedad។

កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ជួប​បញ្ហា​របួស​ជាច្រើន​ដង នៅ​ដើម​រដូវកាល​នេះ ហើយ​បញ្ហា​ចុងក្រោយ​របស់​គាត់ គឺ​របួស​ទាក់ទង​នឹង​​ឆ្អឹង​ខ្នង និង​បាន​ធ្វើ​ឲ្យ​គាត់​អវត្តមាន​ចាប់​តាំង​ពី​ថ្ងៃទី 9 ខែ​តុលា មក​ម្ល៉េះ។

Anthony Martial បាន​ខកខាន​ការ​ប្រកួត Premier League បួន​លើក​ចុង​ក្រោយ​របស់​ក្លឹប​បិសាចក្រហម Manchester United ទល់​នឹង Newcastle United, Tottenham Hotspur, Chelsea និង West Ham United។ បន្ថែម​ពី​នោះ​គាត់​ក៏​បាន​អាក់ខាន​ការ​ប្រកួត Europa League ពេល​ប៉ះ​ជាមួយ Omonia និង Sheriff Tiraspol។

ខ្សែប្រយុទ្ធ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ 4 ដង​ប៉ុណ្ណោះ​សម្រាប់​បិសាចក្រហម​នៅ​រដូវកាល​នេះ ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​តែងតែ​បង្កើត​ឱកាស និង​ជួយ​ដល់​ក្រុម​ជម្រើស​ជាច្រើន ហើយ​បាន​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង Assists បាន 2 ដង​ផង​ដែរ។

យ៉ាង​ណា​មិញ​ថ្លែង​នៅ​មុន​ការ​ប្រកួត Premier League កាល​ពី​ថ្ងៃអាទិត្យ​ជាមួយ West Ham United គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម​លោក Erik ten Hag បាន​និយាយ​ថា គាត់​មាន​ក្ដី​សង្ឃឹម​ថា ខ្សែប្រយុទ្ធ Anthony Martial អាច​ចូល​លេង​បាន មុន​ការ​ប្រកួត World Cup ឆ្នាំ 2022។

ថ្ងៃ​នេះ Anthony Martial ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹន Monaco បាន​ចូល​ហ្វឹកហាត់​ជាធម្មតា​ជា​មួយ​មិត្ត​រួម​ក្រុម ហើយ​ត្រូវ​បាន​គេ​គិត​ថា គាត់​នឹង​អាច​ចូល​លេង​វិញ​បាន​ពេល​ក្លឹប​បិសាចក្រហម​ប៉ះជាមួយ Real Sociedad នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២