បាល់ទាត់អន្តរជាតិ
Martin Terrier ទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗពីរនៅ Premier League
ក្លឹបកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមក្លឹបធំៗពីរនៅ Premier League ដែលបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្លឹប Rennes គឺកីឡាករ Martin Terrier។
កីឡាករវ័យ 25 ឆ្នាំរូបនេះទើបតែបានចុះកុងត្រាថ្មីរហូតដល់ខែមិថុនា ឆ្នាំ 2026 ជាមួយក្លឹប Rennes បន្ទាប់ពីស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដងក្នុងការបង្ហាញខ្លួនចំនួន 46 ប្រកួតកាលពីរដូវកាលមុន។
មិនតែប៉ុណ្ណោះ យោងតាមយោងតាមរបាយការណ៍ពីគេហទំព័រ 90min.com បានឲ្យដឹងថា មានក្លឹបជិត 10 នៅ Premier League បាននឹងកំពុងតាមដានលើស្ថានភាពរបស់ Martin Terrier ដែលក្នុងនោះរួមមានដូចជា Leeds United, Leicester City, Newcastle United និង Aston Villa ជាដើម។
អ្វីដែលធ្វើឲ្យក្លឹបជាច្រើនចាប់អារម្មណ៍លើកីឡាករសញ្ជាតិបារាំងរូបនេះ គឺគាត់អាចលេងបានជាច្រើនកន្លែងនៅតំបន់ប្រយុទ្ធ រួមទាំងប្រយុទ្ធកណ្តាល។ ដោយឡែកសម្រាប់តម្លៃផ្ទេរ ត្រូវបានគេគិតថា Rennes ចង់បានលើសពី 30 លានផោន ពីក្លឹបណាដែលចង់ចុះហត្ថលេខាលើកីឡាកររបស់ពួកគេ។
ប្រភព: Sportsmole