បាល់ទាត់អន្តរជាតិ
Xavi ថា ក្រុមរបស់លោក ជួបគូប្រជែងដ៏ពិបាកបំផុតនៅ Europa League

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានទទួលស្គាល់ថា ក្រុមរបស់ខ្លួនទទួលបានគូប្រជែងដ៏លំបាកបំផុតនៅក្នុងការប្រកួតវគ្គចាញ់ធ្លាក់នៅ Europa League បន្ទាប់ពីត្រូវបានចាប់ឆ្នោតប៉ះជាមួយបិសាចក្រហម Manchester United កាលពីម្សិលមិញ។
សម្រាប់រដូវកាលថ្មីនេះ Barcelona ដែលដឹកនាំដោយលោក Xavi Hernandez បានបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូលនៃក្របខណ្ឌ UEFA Champions League ដែលធ្វើឲ្យពួកគេត្រូវធ្លាក់ទៅលេងនៅ Europa League។
បន្ទាប់ពីបានប្រឈមមុខជាមួយ Bayern Munich និង Inter Milan នៅ UEFA Champions League រួចហើយនោះ Barcelona នៅតែមិនងាយស្រួលឡើយ ដោយពួកគេបានចាប់ឆ្នោតប៉ះ Manchester United នៅ Europa League ក្នុងវគ្គ Play-off ដែលមានន័យថា រវាងក្រុមទាំងពីរនឹងត្រូវមានក្រុមមួយធ្លាក់ចេញពីការប្រកួតវគ្គនេះ។
យ៉ាងណាមិញថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីការចាប់ឆ្នោត Xavi Hernandez បានពោលសរសើរពីទម្រង់លេងបច្ចុប្បន្នរបស់ក្លឹបបិសាចក្រហម Manchester United ក្រោមការដឹកនាំដ៏ល្អរបស់លោក Erik ten Hag និងជាឧសគ្គដ៏ធំមួយរបស់ Barcelona ផងដែរ។
Xavi Hernandez បាននិយាយថា៖ “បិសាចក្រហម គឺជាគូប្រកួតដ៏លំបាកបំផុត ប៉ុន្តែយើងនឹងរង់ចាំមើល។ ពួកគេ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់ ពួកគេបានរីកចម្រើនយ៉ាងខ្លាំងជាមួយនឹងការមកដល់នៃលោក Erik ten Hag។ ពួកគេមានកីឡាករដ៏អស្ចារ្យ។ វាជាការចាប់ឆ្នោតដ៏អាក្រក់បំផុតដែលយើងទទួលបាន។ ជាថ្មីម្តងទៀត ពួកយើងគ្មានសំណាងទេ”។
ប្រភព: 90 Min