បាល់ទាត់អន្តរជាតិ
Patrice Evra ប្រាប់ឲ្យ Van de Beek ចាកចេញពី Old Trafford ដែលជាជម្រើសមួយល្អបំផុត

អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United លោក Patrice Evra បានជម្រុញឲ្យខ្សែបម្រើ Donny van de Beek ចាកចេញពី Old Trafford ហើយទៅកន្លែងផ្សេងដែលគាត់មានអារម្មណ៍ថាខ្លួនស្រឡាញ់ រឺពេញចិត្ត។
Patrice Evra បាននិយាយថា Van de Beek រំលឹកគាត់ឲ្យនឹកឃើញដល់អតីតខ្សែបម្រើរបស់ក្លឹប Manchester United គឺកីឡាករ Henrikh Mkhitaryan ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan។ Patrice Evra ថែមទាំងបានបន្ថែមទៀតថា Van de Beek កំពុងខ្ជះខ្ជាយពេលវេលានៅក្នុងអាជីពបាល់ទាត់របស់ខ្លួន។
យ៉ាងណាមិញពេលនៅជាកីឡាកររបស់ Ajax ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានចំណាយពេល 5 ឆ្នាំជាកីឡាករដ៏សំខាន់ និងលេចធ្លោរបំផុត ដោយបង្ហាញខ្លួនសរុប 175 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 41 គ្រាប់ ហើយក៏បានឈ្នះពាន Eredivisie និងធ្លាប់បានជួយក្រុមឲ្យឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League កាលពីឆ្នាំ 2019 ផងដែរ។
ផ្ទុយស្រឡះ ពេលដែលគាត់ក្លាយជាកីឡាកររបស់ក្លឹបបិសាចក្រហម Van de Beek បានបាត់បង់ទម្រង់លេង និងឱកាសបង្ហាញសមត្ថភាពស្ទើរតែទាំងស្រុង ហើយថែមទាំងត្រូវបានក្លឹបបិសាចក្រហម Manchester United ដាក់ឲ្យខ្ចីជើងទៅក្លឹប Everton ទៀតផង កាលពីពាក់កណ្តាលនៃរដូវកាលមុន។
ថ្មីៗនេះកីឡាករវ័យ 25 ឆ្នាំរូបនេះទទួលបានឱកាសជាជម្រើស 11 នាក់ដំបូងនៃការប្រកួត Premier League កាលថ្ងៃអាទិត្យកន្លងទៅ ពេលបិសាចក្រហមប៉ះជាមួយ Aston Villa ប៉ុន្តែគាត់ទទួលបានការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពរបស់ខ្លួន ខណៈដែលក្រុមរបស់លោក Erik ten Hag បានរងបរាជ័យ 3-1 នៅ Villa Park។
ប្រភព: Dailypost NG