បាល់ទាត់អន្តរជាតិ
ឈប់លាក់បាំងទៀតហើយ!!! Gerard Pique ប្រាប់ពីចំណងចង់ក្លាយជាប្រធានក្លឹប Barcelona

ខ្សែការពារ Gerard Pique បានបញ្ជាក់ប្រាប់ថា គាត់មានបំណងប្រាថ្នាចង់ក្លាយជាប្រធានក្លឹប Barcelona នាពេលអនាគត។ ដោយឡែក កីឡាករវ័យ 35 ឆ្នាំរូបនេះបានចូលនិវត្តន៍ជាផ្លូវការណ៍ពីអាជីពបាល់ទាត់ហើយ ជាមួយនឹងការប្រកួតចុងក្រោយរបស់ខ្លួនកាលពីចុងសប្តាហ៍មុនក្នុងជំនួបប៉ះជាមួយក្លឹប Almeria នៅទឹកដី Camp Nou។
Gerard Pique បានចំណាយពេលស្ទើរតែពេញមួយអាជីពបាល់ទាត់របស់ខ្លួននៅជាមួយក្លឹប Barcelona ហើយត្រូវបានគេមើលឃើញថា គាត់មានបេះដូងស្រឡាញ់ក្លឹបមួយនេះខ្លាំងបំផុត។ ខ្សែការពាររូបនេះបានលេងប្រកួតសរុបឲ្យក្លឹប Barcelona ចំនួន 616 ប្រកួត ដោយរកបានគ្រាប់បាល់ 53 គ្រាប់ និង Assists 15 ដង។
ទន្ទឹមនឹងនេះដែរ Gerard Pique ក៏បានឈ្នះពានរង្វាន់ La Liga ចំនួន 8 ដង, ពានរង្វាន់ Copa del Rey ចំនួន 7 និងពានរង្វាន់ UEFA Champions League ចំនួន 3 ផងដែរ។ គាត់មានការរំពឹងទុកថា នឹងអាចឈរឈ្មោះជាប្រធានក្លឹប Barcelona នៅពេលវេលាណាមួយនាពេលអនាគត។
Gerard Pique បានប្រាប់ពីមហិច្ឆតារបស់ខ្លួនដោយបាននិយាយនៅលើ Twitch របស់ Ibai Llanos ថា៖ “ខ្ញុំគិតថា នៅពេលណាមួយខ្ញុំចង់ធ្វើជាប្រធានក្លឹប Barcelona។ ឥឡូវនេះខ្ញុំមិនទាន់បានគិតពីវាទេ ខ្ញុំចង់ធ្វើរឿងមួយចំនួនសិន។ បច្ចុប្បន្នខ្ញុំមានសេរីភាព មិនចាំបាច់ហ្វឹកហាត់ជារៀងរាល់ថ្ងៃ រឺថ្ងៃចុងសប្តាហ៍ដែលរវល់ជាមួយការប្រកួត នឹងផ្តល់ឱកាសឲ្យខ្ញុំផ្តោតលើកិច្ចការផ្សេងទៀតបាន។ នៅពេលអនាគត ខ្ញុំពិតជាចង់ជួយក្លឹបនៃជីវិតរបស់ខ្ញុំ ដើម្បីទាញយកសក្តានុពលពេញលេញមកវិញ”។
ប្រភព: Sportsmole